Man Utd មានចំណុចខ្សោយដែល Aston Villa នឹងកំណត់គោលដៅយកឈ្នះបាន
(BC-99)
យោងតាមសម្តីលោក Dean Smith បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United នៅមានចំណុចខ្សោយដែលអាចធ្វើអោយក្រុម Aston Villa ស្វែងរកបាន៣ពិន្ទុពីក្រុមមួយនេះនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៤នារាត្រីថ្ងៃព្រហស្បតិ៍នេះ។
គ្រូបង្វឹករបស់ Villa បានសម្តែងថាទម្រង់លេងរបស់ក្រុមលោក Ole Gunnar Solskjaer ដែលកំពុងប្រដេញរកចំណាត់ថ្នាក់លេខបួនក៏មានភាពធ្វសប្រហែសងាយរងគ្រោះមួយចំនួនដែរបើទោះជាក្រុមមួយនេះបានប្រកួតឈ្នះលើ Bournemouth ៥-២ កាលពីសប្តាហ៍មុនយ៉ាងណាក្តី។
ក្រោយពីចាញ់ Liverpool ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យកន្លងទៅនេះលោក Smith បានងាកមកចាប់អារម្មណ៍អំពីស្ថានភាពរបស់ក្រុម Manchester United ដែលនឹងលើកគ្នាមកលេងនៅកីឡដ្ឋាន Villa Park វិញម្តងដោយលោកបានកំណត់ថា Bruno Fernandes គឺជាការគំរាមកំហែងដ៏សំខាន់ ប៉ុន្តក្រុមរបស់លោកបានមើលឃើញពីចំនុចខ្សោយរបស់គូប្រជែងជាច្រើនចំនុចដោយលោកបានថ្លែងយ៉ាងដូច្នេះថា “ពួកគេគឺជាក្រុមដ៏ល្អមួយពួកគេបានធ្វើឱ្យប្រសើរឡើង។ Fernandes លេងបានយ៉ាងល្អពួកគេមានល្បឿននិងមានកម្លាំងឈានមុខគេ។ ប៉ុន្តែពួកគេបានបណ្តោយឱ្យមានគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ពី Bournemouth ។ អ្នកអាចមើលឃើញចំណុចខ្សោយនៅក្នុងក្រុមមួយនេះ”។
ផ្ទុយស្រឡះពីទម្រង់លេងដ៏ល្អរបស់ក្រុមបិសាចក្រហមងាកមក Aston Villa ឯណេះវិញមិនទាន់បានឈ្នះមួយប្រកួតនៅឡើយទេសម្រាប់ការប្រកួតទាំង១០លើកចុងក្រោយរបស់គេ ពោលគឺចាញ់ ៨ ស្មើ ២ ដែលធ្វើអោយពួកគេឋិតនៅចំណាត់ថ្នាក់លេខ១៨ជាបណ្តោះអាសន្នដែលជាកន្លែងត្រូវកាត់ចេញពី Premier League ទៅវិញនៅរដូវកាលក្រោយ។
ទោះជាយ៉ាងនេះក្តីក៏លោក Smith នៅតែជឿជាក់ថាក្រុមរបស់លោកបានបង្ហាញពីភាពប្រសើរឡើងវិញហើយចាប់តាំងពីសកម្មភាពបានចាប់ផ្តើមឡើងវិញបន្ទាប់ពីការវាយលុកដោយមេរោគកូរ៉ូណា។ លោកបាននិយាយថា “ទម្រង់លេងរបស់ពួកយើងរួមទាំងកម្រិតនៃការលេងគឺកាន់តែមានភាពល្អប្រសើរឡើងឡើងវិញហើយ។ យើងជឿជាក់ថាការប្រកួតដែលនៅសេសសល់វានឹងអាចជួយយើងអោយគេចផុតពីតំបន់កាត់ចោល”។
គួរបញ្ជាក់ដែរថាជំនួបគ្នាកាលពីជើងទីមួយរវាងក្រុមទាំងពីរកាលពីជើងទីមួយនៅ Old Trafoord បានបន្សល់ទុកនូវលទ្ធផលស្មើគ្នា២-២។ រីឯកីឡាករ Jack Grealish ដែលមានដំណឹងថាអាចនឹងមានការផ្លាស់ប្តូរមកកាន់ក្រុមបិសាចក្រហមនៅរដូវកាលក្រោយនេះ គឺជាអ្នកស៊ុតបាល់បើកឆាកនាជំនួប Manchester United-Aston Villa នៅពេលនោះ។