ពន្យាពេលទៀតហើយជំនួប វិសាខា និង Lalenok United នៅ AFC Cup
ជំនួបរវាងក្លិបបាល់ទាត់ វិសាខា របស់កម្ពុជា តទល់ជាមួយ ក្លិបមកពីទីម័រ FC Lalenok United ក្នុងពានរង្វាន់ លំដាប់ទី២របស់ អាស៊ី AFC Cup 2021 ត្រូវបានពន្យាពេលជាលើកទី២នៃការប្រកួតដែលដំបូងត្រូវប្រកួតនៅថ្ងៃទី ២៨ ខែ មេសា ២០២១ ហើយលើកទៅប្រកួតនៅថ្ងៃទី ១៩ ខែ ឧសភា ២០២១ ឥលូវត្រូវពន្យាពេលជាថ្មី ។
ក្លិបកីឡាបាល់ទាត់ វិសាខា ប្រកាសថា ការប្រកួតជម្រុះពានរង្វាន់ AFC Cup 2021 ដែលពួកយើង គ្រោងជួបក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត នាថ្ងៃទី១៩ ខែឧសភា ត្រូវបានពន្យាពេលជាថ្មីទៀតហើយ ដោយលើកពេលទៅប្រកួតនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វិញ ។ នេះបើយោងតាមលិខិតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដែលពួកយើងទើបទទួលបាននាល្ងាចថ្ងៃសុក្រនេះ ។
ការប្រកួតវគ្គ Play Off ដែលគ្រោងរៀបចំនៅទឹកដីកណ្តាលនាប្រទេសសិង្ហបុរី នេះត្រូវលើកពេលវេលាដោយសារបញ្ហាកូវីដ១៩ ដែលកំពុងរីករាលដាលកាន់តែខ្លាំង ។ ក្លិប វិសាខា ដែលជាជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ត្រូវប្រកួតដំបូងជាមួយក្លិបមកពីទីម័រ FC Lalenok United ដែលជាក្រុមជើងឯកពានរង្វាន់ Copa FFTL របស់ទីម័រ បើសិនក្រុមរបស់កម្ពុជាឈ្នះនឹងឡើងវគ្គចែកពូល I តែម្តង ។
សម្រាប់ពូល I មានដូចជា
– Kaya FC-Iloilo តំណាង ប្រទេសហ្វីលីពីន ,
– Terengganu FC តំណាង ប្រទេសម៉ាឡេស៊ី
– Geylang International FC តំណាងម្ចាស់ផ្ទះ ក្នុងប្រទេសសិង្ហបុរី
– Visakha FC (កម្ពុជា) និង Lalenok United FC (ទីម័រខាងកើត)
កាលបរិច្ឆេទ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រកួតនៅកីឡដ្ឋាន Jalan Besar Stadium ៕