ចចាមអារ៉ាម! ពិតទេ? ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផ្លាស់ពីបឹងកេតទៅកាន់វិសាខា
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានប្រភពដ៏ជិតស្និទមួយបានទម្លាយថាបានសម្រេចចិត្តចាកចេញពីបឹងកេតផ្លាស់ទៅកាន់ក្រុមចាយលុយធំវិសាខាសម្រាប់ការប្រកួតបាល់ទាត់ Cambodia League រដូវកាលថ្មី។ ខណៈការប្រកាសបង្ហាញខ្លួនជាផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងការចរចារលក្ខខណ្ឌផ្សេងៗរួច។
ប៉ុន្មានរយៈចុងក្រោយមកនេះ កីឡាករដែលមានដើមកំណើតនៅខេត្តកំពតរូបនេះត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅលេងនៅលីគបាល់ទាត់ក្រៅស្រុកជាច្រើនដូចជា សិង្ហបុរី, វៀតណាម និង ថៃ ជាដើម ដោយកំពុងតែឋិតនៅក្នុងការចរចារថ្លៃនឿយហតនៅលើទីលាន និង លក្ខខណ្ឌផ្សេងៗផងដែរ ប៉ុន្តែយ៉ាងណាក្តីឥឡូវនេះអតីតយុវជនព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង) ទំនងជាបន្តអាជីពរបស់ខ្លួននៅក្នុងស្រុកជាបន្តទៀត។
គួររំលឹកថា ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ ត្រូវបានក្លឹបនៃលីគលំដាប់ទី៣ ជប៉ុន Fujieda Myfc ធ្វើការខ្ចីជើងទៅកាន់ទីនោះប៉ុន្តែរូបគេមិនបានទទួលឳកាសក្នុងការបង្ហាញខ្លួនលើទីលានជាផ្លូវការឡើយ។ លុះចូលមកដល់រដូវកាល២០១៨ ចាន់ វឌ្ឍនាកា ក៏បានផ្លាស់ទៅកាន់ Pahang FC នៃលីគកំពូលម៉ាឡេស៊ី មុននឹងការផ្លាស់មកចូលរួមជាមួយក្លឹបបឹងកេតសារជាថ្មី នៅពាក់កណ្តាលរដូវកាលចុងក្រោយ៕