Paul Pogba ទម្លាយយុទ្ធសាស្រ្ត Ole ប្រាប់កីឡាករ Man United ក្រោយចប់វគ្គទី១ ដើម្បីវាយបកយកឈ្នះ AS Roma
ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះ AS Roma ដោយលទ្ធផល៦ទល់នឹង២កាលពីយប់មិញ នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជើងទី១នាកីឡដ្ឋាន Old Trafford។
ក្នុងការប្រកួតវគ្គទី១ ក្រុមភ្ញៀវគឺជាអ្នករកគ្រាប់បាល់នាំមុខបាន២ទល់នឹង១ ខណៈដែលឈានចូលមកដល់វគ្គទី២វិញ ក្រុមម្ចាស់ផ្ទះបានវាយបកមកវិញបានចំនួន៥គ្រាប់។
ក្រោយពីបញ្ចប់ការប្រកួត ខ្សែបម្រើ Paul Pogba បានបង្ហើបពីយុទ្ធសាស្រ្តរបស់គ្រូបង្វឹក Ole Gunnar Solskjaer ដែលធ្វើឱ្យក្រុមរបស់ខ្លួនអាចវាយបកទទួលបានជ័យជម្នះមកវិញថា៖ “នៅវគ្គទី១យើងបានបង្កកំហុស២ដង ដោយយើងរបូតអស់២គ្រាប់ ហើយនៅពេលសម្រាក Ole បានប្រាប់យើងថា ត្រូវលេងបាល់បែបសាមញ្ញៗងាយៗ ហើយត្រូវរៀបចំក្រុមឱ្យបានត្រឹមត្រូវឡើងវិញ។ ដូចនេះចូលវគ្គទី២យើងក៏ធ្វើតាម ហើយយើងក៏ស៊ុតបញ្ចូលបានច្រើនគ្រាប់តែម្តងតាមដែលអាចធ្វើទៅបាន”។
គួរឱ្យដឹងផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ផ្ទះរបស់ AS Roma ក្នុងការប្រកួតជើងទី២វិញម្តងនៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ។