ស្ងាត់ៗ David Beckham ទទួលបានពានកិត្តិយស UEFA President’s Award 2018
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham នឹងត្រូវបានប្រគល់ពានរង្វាន់ UEFA President’s Award ឆ្នាំ ២០១៨ ដែលជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងអាជីពដ៏អស្ចារ្យរបស់គេ។
ប្រធានស្ថាប័ន UEFA លោក Aleksander Ceferin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពានរង្វាន់នេះទទួលស្គាល់នូវសមិទ្ធផលលេចធ្លោ ឧត្តមភាពប្រកបដោយវិជ្ជាជីវៈ និងគុណសម្បត្តិផ្ទាល់ខ្លួន។
បុរសវ័យ៥០ឆ្នាំក៏បានកោតសរសើរ និង ពន្យល់ពីមូលហេតុដែលជ្រើសរើស David Beckham ជាអ្នកទទួលពានរង្វាន់នៅឆ្នាំនេះព្រោះគេជា និមិត្តរូបតំណាងបាល់ទាត់ពិតនៃជំនាន់របស់គេផងដែរ។
គួររំលឹកថា អតីតខ្សែបម្រើជំនាញ Free kick ក៏ទើបបានប្រកាសបង្កើតក្លឹបបាល់ទាត់ថ្មីមួយដោយស្ថិតនៅក្នុងទីក្រុង Miami រដ្ឋ Florida ដែលនេះគឺជាផែនការយូរអង្វែងរបស់ខ្លួនដើម្បីប្រកួតប្រជែងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។
បុរសកូន៤ខាងលើបានចំណាយពេល១១ឆ្នាំជាមួយ Manchester United មុនចាកចេញទៅ Real Madrid ក្នុងឆ្នាំ២០០៣ រួចក៏បន្តទៅចូលរួមជាមួយ LA Galaxy, AC Milan និងចុងក្រោយគឺ Paris Saint-Germain ហើយក៏ប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៣៕