U23 វៀតណាមបានប្រាក់លើកទឹកចិត្ត៦០០លានដុង ក្រោយឡើងវគ្គ៤ក្រុម AFF U23
ក្រុមឈ្នះក្រុមជម្រើសជាតិថៃ ១ទល់នឹង០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 ក្រុមការងារ និងកីឡាករ U23 វៀតណាម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៦០០លានដុង ឬជាង២៦០០០ដុល្លារអាមេរិកពីសហព័ន្ធបាល់ទាត់របស់ខ្លួន។
គ្រាប់បាល់ពី Nguyen Trung Thanh បានផ្ដល់៣ពិន្ទុពេញដល់ក្រុមតារាមាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងនាមក្រុមកំពូលតារាងពូល C។
សរុបមក U23 វៀតណាម បានលេខ១ពូល C ត្រូវប៉ះក្រុមលេខ១ពូល A ទីម័រខាងកើត។ ចំណែកក្រុមលេខ១ពូល B ឡាវ ត្រូវប៉ះក្រុមលេខ២ពូល C ថៃ ដែលជាក្រុមលេខ២ល្អ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ៕