Figo ថា តា Perez សូមទោសរួចហើយ ក្រោយធ្លាយសម្លេងជេរប្រមាថ
វីរបុរស Real Madrid លោក Luis Figo និយាយថា បញ្ហារវាងលោក និងប្រធានក្លិប Florentino Perez ត្រូវបានដោះស្រាយរួចរាល់ហើយ។
កន្លងមកធ្លាប់មានការបែកធ្លាយសម្លេងលោក Perez រិះគន់ Figo ថា ដូចមនុស្សបាតផ្សារ ហើយថា ទាំង Figo និង Raul ស៊ីដាច់អស់ហើយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ពោលជាកីឡាករមានឥទ្ធិពលខ្លាំងពេក។
ថ្លែងទៅកាន់សារព័ត៌មាន Marca លោក Figo និយាយថា “ខ្ញុំជឿថា វាជាការនិយាយជាលក្ខណៈឯកជនប៉ុណ្ណោះ ហើយប្រហែលអ្នកចុះព័ត៌មានស្រង់ខ្លឹមសារមិនគ្រប់មើលទៅ។ សម្រាប់ខ្ញុំ វាហួសហើយ។”
និយាយទៅ ទាំង Raul, Casillas, លោក Vicente Del Boque, Guti, Cristiano Ronaldo និង Jose Mourinho សុទ្ធតែធ្លាប់ត្រូវបានលោក Perez ជេរប្រទេចហើយក្នុងសម្លេងហ្នឹង។
ជាការឆ្លើយតប តាម Perez បានចោទប្រកាន់អ្នកសារព័ត៌មាន Jose Antonio Abellan ថា ជាអ្នកធ្វើឲ្យធ្លាយសម្លេងនេះ និងថា កាត់យកតែកន្លែងអាក្រក់ៗ ហើយព្យាយាមធ្វើស៊ីចង់បានលុយ១០លានអឺរ៉ូពីលោកទៀត៕