កែវ សុខង៉ន ចង់ឲ្យលោក Honda នៅជាប់លាប់ជាមួយកីឡាករជាងធ្វើការតាមអនឡាញ
លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានលើកឡើងក្នុងការឡាយវីដេអូកាលពីយប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ដែលលោកបានលុបចោលទៅហើយនោះថា លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គួរណាស់តែចូលដឹកនាំក្រុមដោយផ្ទាល់ និងជាប់លាប់ ជាជាងការធ្វើការតាមអនឡាញ។
លោក កែវ សុខង៉ន ថ្លែងបែបនេះ ដោយសារតែលោកមើលឃើញថា ជាញឹកញាប់លោក Honda បានមកបង្ហាត់ដោយផ្ទាល់យូរថ្ងៃទេ ដោយអនុវត្តការងារតាមអនឡាញ និងទុកពេលឲ្យក្រុមជំនួយការនៅកម្ពុជាធ្វើការ។ ចំណែកលោក Ryu Hirose ក៏មិនសូវមានមុខនៅកម្ពុជាទៀត។ អ្នកទាំង២ភាគច្រើនមកកម្ពុជាមុនតែប៉ុន្មានថ្ងៃ ហើយបើទៅក្រៅប្រទេសវិញ ក៏មិនសូវទៅជាមួយក្រុមដែរ។
លោក កែវ សុខង៉ន ទទូចថា ប្រសិនបើបន្តធ្វើបែបនេះទៀត ក្រុមជម្រើសជាតិកម្ពុជាមិនជោគជ័យឡើយ។ លោកថា លោក Honda ធ្វើការ free-free មែន តែមិនយកចិត្តទុកដាក់ប្រាកដលើក្រុមទេ ព្រោះលោក Honda ក៏រវល់ពីអាជីពផ្ទាល់ខ្លួនដែរ។ លោក សុខង៉ន ថា ប្រសិនបើលោក Honda ស្រលាញ់កម្ពុជាពិត គួរតែមកនៅកម្ពុជាជាប់លាប់។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំទើបជ្រុះចេញត្រឹមវគ្គចែកពូលព្រឹត្តិការណ៍ AFF U23 Championship 2022 ថ្មីៗនេះ៕