អង់គ្លេស ២ក្រុមនិងអេស្ប៉ាញ ១ក្រុម កំពុងប្រជែងចង់បានខ្លាចាស់ Edison Cavani
ទំរង់លេងរបស់ Manchester Untied ដែលប្រិយមិត្តកំពុងទស្សនាក្នុងពេលបច្ចុប្បន្នពិតចាពិបាកស្មានណាស់ ប្រៀបដូចជាខ្លែងដាច់ខ្សែម្តងឡើងម្តងចុះទៅតាមការប្រកួត ដែលធ្វើអោយលោក Ole កំពុងផ្តោតសំខាន់លើការរៀបចំទំរង់លេងនិងការចង់បានកីឡាករថ្មីៗមកជួយក្រុម។
ថ្មីនេះ Manchester United បានចាប់អារម្មណ៏កីឡាករជាច្រើនដោយក្នុងនោះមានខ្សែប្រយុទ្ធ Edison Cavani របស់ស្តេចលុយ Paris S.G ផងដែរ។ ទាក់ទងនិងការចង់បាននេះ បិសាចក្រហមមិនទាន់ជជែករឿងតំលៃជាក់លាក់នោះទេ ប៉ុន្តែកំពុងសើបពីស្ថានការណ៏បច្ចុប្បន្នរបស់រូបគេផងដែរ។
ទំរង់ប្រយុទ្ធរបស់បិសាចក្រហមកំពុងមានភាពទន់ជ្រាយ ដោយត្រូវការកំលាំងបន្ថែមអោយស្រួចជាងនេះដើម្បីរកគ្រាប់បាល់ ដូច្នេះទើបលោក Ole Gunnar Solskjaer ចង់បានខ្លាចាស់អុយរ៉ាហ្គាយមកបំពេញបន្ថែម។
លោក Ole ធ្លាប់បាននិយាយកាលពីចុងខែវិច្ឆិការថា បិសាចក្រហមត្រូវការកីឡាករ ៥-៦នាក់បន្ថែមទៀត ក្នុងនោះមានខ្សែប្រយុទ្ធខ្លះនិងបំរើខ្លះដែរ។
ខ្លាចាស់ Cavani គិតមកទល់ពេលនេះគឺជា All Time-scorer ១៩៦គ្រាប់របស់ Paris S.G ចំណាយពេលជាង៧ឆ្នាំអោយក្រុមចាយលុយធំនិងឈ្នះពានជាច្រើន ក្រៅពី ManU ក៏នៅមាន Chelsea និង AT.Madrid ចង់បានផងដែរ៕