បឹងកេត បានឈានដល់ការចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិថៃ ហើយ
ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យជ្រាបថា ក្លិប និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។
គ្រប់គ្នាទាំងអស់នៅក្លិបបឹងកេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Apisit ដែលបានចូលរួមចំណែកដឹកនាំក្លិបក្នុងការប្រកួតកន្លងមក និងសូមជូនពរលោកគ្រូ ជួបតែសំណាងល្អ ។
ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ ។
សូមបញ្ជាក់ថា គ្រូបង្វឹកជនជាតិថៃ រូបនេះទើបដឹកនាំនៅ បឹងកេត ក្នុងរដូវកាលនេះតែប៉ុណ្ណោះ ក្នុងនោះការដឹកនាំប្រកួតលីហ្គលកំពូលកម្ពុជា៤ប្រកួត ឈ្នះ២និងស្មើ២ មុនផ្អាកដោយសារកូវីដ១៩ ៕