Ashley Young ប្រាប់ពីវិធីការពារមេរោគឆ្លង Covid-19 ក្នុងអំឡុងពេលចេញទៅទិញឥវ៉ាន់តាមផ្សារ
(BC-99)
ថ្វីត្បិតតែត្រូវឋិតនៅក្នុងផ្ទះមិនអាចដើរទៅណាបានតាមចិត្តក៏តារាបាល់ទាត់ អង់គ្លេស របស់ក្រុម Inter Milan Ashley Young បានផ្តល់ការយល់ដឹងអំពីជីវិតរស់ក្រោមការជាប់គាំងនៅប្រទេស អ៊ីតាលី អំពីការការពារខ្លួនពីជំងឺរាតត្បាតដែរ ។
នៅក្នុងគណនី Twitter របស់ខ្លួនបុរសវ័យ ៣៤ ឆ្នាំរូបនេះបានផ្តល់នូវការណែនាំជាក់ស្តែងជាច្រើនដើម្បីចែលរម្លែកដល់អ្នកគាំទ្រឱ្យមានសុវត្ថិភាពនៅពេលដើរទិញម្ហូបនៅគ្រាលំបាកដោយលោកបានសរសេររៀបរាប់ខ្លឹមសារដូចតទៅនេះ
“សួស្តីអ្នករាល់គ្នាខ្ញុំសូមចែករំលែកពីស្ថានភាពដែលខ្ញុំកំពុងរស់នៅក្នុងប្រទេស អ៊ីតាលី ដែលកំពុងតែប្រឈមមុខជាមួយវីរុសឆ្លង។ ជាក់ស្តែងហានិភ័យចម្បងរនៃការរាលដាលវីរុសនេះគឺវាតែងតែកើតឡើងនៅតាមផ្សារ។ ដូចនេះនៅក្នុងប្រទេស អ៊ីតាលី ផ្សារទំនើបចាប់ផ្តើមមានភាពស្ងប់ស្ងាត់គួរឱ្យភ្ញាក់ផ្អើល … គ្មានការដណ្តើមគ្នាទិញអាហារទេ ហើយក៏គ្មានការរំលោភបំពានលើបុគ្គលិកផ្សារដែរ គ្រប់គ្នាត្រូវបានកំហិតក្នុងការទិញទំនិញមិនអោយលើសពីតម្រូវការឡើយ។ ហើយស្ទើរតែគ្រប់ករណីអ្នកដែលឆ្លងមេរោគគឺជាអ្នកមកទិញឥវ៉ាន់តាមផ្សាររួចយកទៅចម្លងមួយគ្រួសារ។ ដូចនេះបើចាំបាច់ត្រូវតែទៅទិញរបស់ប្រើប្រាស់និងចំណីអាហារផ្សេងៗអ្នកគួរតែធ្វើដូចតទៅនេះ៖
- ត្រូវតម្រង់ជួរនិងរក្សាគម្លាតពីគ្នាពេលអ្នករង់ចាំចូលផ្សារ និងពេលគិតវិក្ក័យប័ត្រ
- គ្រប់ផ្សារទំនើបបានកំណត់ចំនួនមនុស្សចូល ដូច្នេះត្រូវរង់ចាំដោយការអត់ធ្មត់និងកំរំលងវេនអ្នកដទៃ
- ពេលឡើងជណ្តើរយន្តដែលមានមនុស្សច្រើននាក់ ត្រូវឈរឃ្លាតនិងបែរខ្នងដាក់គ្នាហើយកុំធ្វើការដកដង្ហើមចេញចូលខ្លាំងៗពេក
- ប្រើស្រោមដៃជានិច្ចពេលដែលអ្នកចេញពីឡាន! មិនបាច់ប៉ះពាល់កន្លែងណាដែលអ្នកផ្សេងទៀតបានប៉ះរួចមកហើយ។ ចូរពាក់ស្រោមដៃរហូតទាល់តែអ្នកត្រលប់ចូលក្នុងឡានវិញ។
- ពាក់ម៉ាស់ការពារផ្លូវដង្ហើមដែលមានមាត់និងច្រមុះ
- រក្សាគម្លាតរបស់អ្នកពីមនុស្សដទៃជានិច្ច។ ត្រូវទុករទេះឥវ៉ាន់នៅពីក្រោយអ្នក។ កុំស្រាយថង់របស់របរដរាបណាលែងមានមនុស្សនៅក្បែរ។
- ការពារទំនិញរបស់អ្នកកុំអោយអ្នកដទៃប៉ះ។ រើឥវ៉ាន់អោយបុគ្គលិកផ្សារគិតលុយនៅពេលណាដែលអ្នកខាងមុខគិតលុយរួចចាកចេញទៅផុត។
បន្ទាប់ពីសរសេរវិធីការពារប៉ុន្មានចំណុចខាងលើនេះរួច អតីតខ្សែការពាររបស់បិសាចក្រហម Manchester United បានបន្ថែមទៀតថា ប្រាកដណាស់អ្នកច្បាស់ជាមានការចម្លែកក្នុងចិត្តពេលដែលបានឮរឿងរ៉ាវទាំងឡាយនេះ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺខ្ញុំចង់អោយអ្នករាល់គ្នាមានសុវត្ថិភាពពីជំងឺឆ្លងមួយនេះ!។