លោក គឹម ភក្ដី ដឹកនាំបឹងកេត១០ប្រកួតដំបូងឈ្នះទាំងអស់
ចាប់តាំងពីចូលដឹកនាំបឹងកេតក្នុងនាមគ្រូបង្គោលបណ្ដោះអាសន្ន ជំនួសលោក Apisit Im Amphai រាប់តាំងពីប្រកួតដំបូងជាមួយសូលទីឡូអង្គរ ក្រោយវិលពីសម្រាកដោយសារកូវីដ១៩ លោក គឹម ភក្ដី ទទួលបានលទ្ធផល១០០ភាគរយតែម្ដង។
ការប្រកួតក្រោមការដឹកនាំជាបណ្ដោះអាសន្នដោយគ្រូបង្វឹកកាន់ A-License ខាងលើ ឈ្នះទាំង៨ដងនៅក្របខណ្ឌកំពូលកម្ពុជា និងពីរលើកក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុម ដែលទម្លាក់ក្រុមជម្រើសខេត្តសៀមរាប។
ក្នុងចំណោម៨ប្រកួតនៅ MCL គ្រូបង្វឹកមានតួនាទីជានាយកបច្ចេកទេសនៅបឹងកេតថែមទាំងឈ្នះក្រុមធំៗដូចជា ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ និងចុងក្រោយ គឺព្រះខ័នរាជស្វាយរៀង ដែលឈានទៅក្រសោបបានកំពូលតារាង ក្រោយចប់ជុំទីមួយ ២០២០។
គួរដឹងដែរថា លោក គឹម ភក្ដី បានចូលរួមជាមួយបឹងកេតក្នុងនាមនាយបច្ចេកទេសកាលដើមឆ្នាំ២០១៩ និងត្រូវបានថ្នាក់ដឹកនាំជ្រើសរើសឲ្យដឹកនាំជាគ្រូបណ្ដោះអាសន្នជំនួសលោក APISIT IM AMPHAI ដែលបានវិលទៅប្រទេសថៃវិញកាលខែមិថុនា។
សម្រាប់លទ្ធផលសរុបក្រោយចប់ជុំទីមួយ MCL 2020 បឹងកេតឈរកំពូលតារាង៣២ពិន្ទុ ដោយឈ្នះ១០ និងស្មើពីរ នាំមុខក្រុមលេខពីរព្រះខ័នរាជស្វាយរៀងមួយពិន្ទុ។
នៅវគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រុមការពារតំណែងជើងឯកមួយនេះត្រូវឡើងទៅជួបវិសាខា៕
រូបភាព ៖ CNCC