ឡុង សុវណ្ណឌឿន ចាប់ផ្តើមបណ្តុះថ្នាលគុនខ្មែរនៅហាង (ផ្ទះគុនខ្មែរ )
ព្រោះតែចិត្តស្រលាញ់គុនខ្មែរកីឡាករ ឡុង សុវណ្ណឌឿន បានចំណាយពេលពីហ្វឹកហាត់របស់ខ្លួននិងការឡើងសង្វៀនរួមទាំងការបម្រើការងារនៅក្រុមហ៊ុន CBS មកបណ្តុះថ្នាលគុននៅហាងផ្ទះគុនខ្មែរផ្ទាល់ក្នុងការជំរុញក្មេងៗអោយស្រលាញ់ គុនខ្មែរនិងបានស្គាល់ពីក្បាច់គុនខ្មែរដែលខ្លួនធ្លាប់ប្រឡូកជាច្រើនកន្លងមក ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានប្រាប់ MSR SPORT ថាដោយសារលោកស្រលាញ់គុនខ្មែរនិងទទួលបានកិត្តិយស ទ្រព្យសម្បិត្តច្រើនពីការប្រឡូកគុនខ្មែរ ទើបលោកចង់ចែកបទពិសោធដែលធ្លាប់ហ្វឹកហាត់គុនខ្មែរកន្លងមកជូនដល់ក្មេងៗជំនាន់ក្រោយអោយពួកគេបានដឹងពីគុនខ្មែរ និងបានចេះក្បាច់គុនខ្មែរ ដូចនេះលោកបាន ចាប់ផ្តើមបណ្តុះថ្នាលគុនខ្មែរនៅហាងរបស់លោកដល់ក្មេងៗដែលភាគច្រើនជាបុគ្គលិកនិងបងប្អូនរបស់លោកផ្ទាល់តែម្តង ។ ម្ចាស់ខ្សែក្រវាត់គោជល់រូបនេះ បន្ថែមថា នេះគ្រាន់តែជាការចាប់ផ្តើមមូលដ្ឋានគ្រឹះតែប៉ុណ្ណោះ បើសិនពួកគេ តស៊ូប្រឹងប្រែង ពួកគេអាចឈានទៅប្រកួតលើសង្វៀន ហើយអាចនឹងល្បីនាពេលខាងមុខក៏ថាបាន ។
សូមបញ្ចាក់ថា ឡុង សុវណ្ណឌឿន ជាអ្នកប្រដាល់មួយរូបដែលបានបញ្ចប់បរិញ្ញាប័ត្រផ្នែកខាងគ្រប់គ្រងនៅសកលវិទ្យាល័យ ដោយបច្ចុប្បន្នជាអ្នកប្រដាល់ជួរមុខនៃក្លិប សាលវ័ន្តគុនខ្មែរ និងជាពិធីករកីឡានៅក្រុមហ៊ុន CBS រួមទាំងមាន ជំនួញផ្ទាល់ខ្លួនដូចជាលក់ទឹកបរិសុទ្ធគុនខ្មែរ និងជាម្ចាស់ហាងលក់ម្ហូបយីហោ ផ្ទះគុនខ្មែរ ផងដែរ ៕