អេ ភូថង ៖ របៀបវ៉ៃ ឈុត សេរីវាន់ថង មិនមែនរត់ទេ គេហៅថាក្បាច់ឥន្ទ្រី ពេលប៉ះថៃក្បាច់ដំរី
ដោយធ្លាប់មានបទពិសោធប្រកួតនៅប្រទេសថៃ និងយល់ដឹងពីក្បាច់របស់កីឡាករថៃបានច្រើន អតីតកំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានលើកឡើងពីក្បាច់ហាត់មួយចំនួនរបស់កីឡាករនៅខ្មែរ និងកីឡាកររបស់ថៃ ដែលប្រកួតតាមសង្វៀនផ្សេងៗជាពិសេសនៅទឹកដីខ្មែរថាភាគច្រើនកីឡាករថៃ ហាត់ក្បាច់ដំរី និងកិឡាករខ្មែរភាគច្រើនហាត់ក្បាច់ឥន្ទ្រី ។
ទាក់ទងការលើកឡើងបែបនេះគ្រូបង្វឹកនៅក្លិបក្រសួងកសិកម្មរូបនេះពន្យល់ថា កីឡាករថៃហាត់ក្បាច់ដំរី មានន័យថា ថៃភាគច្រើនគេហាត់យករឹងនិងវ៉ៃក្បាច់មួយៗ ដូចនេះហើយទើបកីឡាករថៃភាគច្រើនមានជំហររឹង ដោយសារនៅស្រុកថៃ ការផ្តល់ពិន្ទុមើលទៅលើជំហររឹង ។ ចំណែកកីឡាករខ្មែរភាគច្រើនហាត់ក្បាច់ឥន្ទ្រី មានន័យថា ការវ៉ៃចេញបានច្រើនចំគោលដៅ ពីព្រោះនៅខ្មែរយើងការផ្តល់ពិន្ទុមើលទៅលើការវ៉ៃចំគោលដៅ ទាំងកែង ដៃ ជើង ជង្គង់ ជាដើម ។ លោកបញ្ជាក់ថា ក្បាច់ដែលអាចឈ្នះក្បាច់ដំរីរបស់ថៃបានគឺយើងប្រើក្បាច់ឥន្ទ្រី នេះហើយដូចជាកីឡាករ ឈុត សេរីវាន់ថង របៀបនៃការវ៉ៃរបស់គាត់គេហៅថាក្បាច់ឥន្ទ្រី មិនមែនរត់ទេ ដោយលោកបញ្ជាក់ថានៅពេលប៉ះកីឡាករថៃដែលមានក្បាច់ដំរី យើងត្រូវតែប្រើក្បាច់ឥន្ទ្រី ដូចជាការប្រកួតជាមួយ ទួនប៉េ និង ភិតសាឈុន គេរឹង (ក្បាច់ដំរី) វ៉ៃមួយៗ ដូចនេះយើងត្រូវវ៉ៃ(ក្បាច់ឥន្ទ្រី ) ចេញគ្រប់ក្បាច់ទាំងឆ្វេង ទាំងស្តាំ និងលើក្រោម បើដៃគូស្រុតយើងផ្តាច់តែម្តង ព្រោះបើយើងវ៉ៃតាមក្បាច់ដំរីយើងនឹងចាញ់គេព្រោះថៃគេហាត់ក្បាច់នេះនិងប្រកួតក្បាច់នេះភាគច្រើន នៅស្រុករបស់គេ ។ លោកក៏បញ្ជាក់ទៀតថា កូនប្រុសរបស់លោក ម៉ឺន មេឃា ក៏លោកអោយ ប្រើក្បាច់ឥន្ទ្រីដែរពេលប៉ះកីឡាករថៃរូបណាដែលរឹងនិងវ៉ៃក្បាច់មួយៗ (ក្បាច់ដំរី ) ។
សូមបញ្ជាក់ថា លោក អេ ភូថង ជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបដែលហ្វឹកហាត់នៅខេត្តកោះកុង និងប្រឡូកគុនខ្មែរនៅប្រទេសថៃជាច្រើនប្រកួត ហើយបច្ចុប្បន្នលោកជាមន្ត្រីចៅក្រមរបស់សហព័ន្ធប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹកនៅ ក្លិបអេភូថងកីឡា និងក្រសួងកសិកម្ម រួមទាំងក្លិប ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ផងដែរ ៕