តើគ្រូបង្វឹក និង ចៅក្រម អាចសងសឹកគ្នាទៅវិញទៅមកអំពីការដាក់ពិន្ទុឲ្យកូនសិស្សរៀងៗខ្លួននោះទេ?
មិនថាប្រទេសណាៗក៏ដូចគ្នាដែល ភាគច្រើនការប្រកួតប្រជែងតែងតែជួបរឿងអយុត្តិធម៍ ពោលគឺឈ្នះទៅជាចាញ់ ចាញ់បែរជាឈ្នះ! ដោយឡែកយើងមកចាប់អារម្មណ៍ការប្រកួតកីឡាមួយជ្រុងរបស់ប្រទេសកម្ពុជាគឺគុនខ្មែរ។ តាមច្បាប់របស់សហព័ន្ធ ការប្រកួតគុនខ្មែរតម្រូវឲ្យមានចៅក្រមដាក់ពិន្ទុចំនួន៥រូបនៅ៤ជ្រុង រួមទាំងអាជ្ញាកណ្តាល១រូបនៅលើសង្វៀន ដោយខុសពីប្រទេសមួយចំនួននិងប្រទេសក្បែរកម្ពុជាដែលមានចៅក្រមដាក់ពិន្ទុ៣រូបនិងអាជ្ញាកណ្តាល១រូបនៅលើសង្វៀន។ កន្លងមកការប្រកួតតែងតែជួបរឿងរ៉ាវអយុត្តិធម៍មួយចំនួនចំពោះការដាក់ពិន្ទុរបស់ចៅក្រមនៅតាមបណ្តាស្ថានីយ៍ប្រកួតនានាក្នុងរាជធានីភ្នំពេញ ក្នុងនោះគ្រូខ្លះគិតពីអនាគតវែងឆ្ងាយមិនហ៊ានដាក់ពាក្យបណ្តឹងទៅសហព័ន្ធឡើយ ដោយសុខចិត្តខាំមាត់សង្កត់ចិត្តទាំងឃើញកូនសិស្សរបស់ខ្លួនចាញ់ទាំងអយុត្តិធម៍ តែគ្រូខ្លះទៀតក៏ធ្លាប់ដាក់ពាក្យបណ្តឹងដើម្បីឲ្យសហព័ន្ធគុនខ្មែរជួយអន្តរាគមន៍ចំពោះលទ្ធផលសទៅជាខ្មៅផងដែរ តែការដាក់ពាក្យបណ្តឹងនោះពេលខ្លះក៏ឈ្នះ ពេលខ្លះក៏ចាញ់។
ថ្ងៃនេះ MSR សូមលើកយកបណ្តឹងរបស់គូបង្វឹក៣រូបដែលធ្លាប់ដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធគុនខ្មែរ ដើម្បីឲ្យប្រធានសហព័ន្ធជួយរកយុត្តិធម៍។ ទី១គឺលោក សាន់ សៅយ៉ាន់ កន្លងមកក៏ធ្លាប់ដាក់ពាក្យបណ្តឹងម្តងទៅកាន់សហព័ន្ធគុនខ្មែរ នៅពេលដែលឃើញកូនសិស្សរបស់លោក សុខ ធី ត្រូវអាជ្ញាកណ្តាលផ្តល់ពិន្ទុចាញ់កីឡាកថៃ ធ្នូ សឹកឡែក ក្នុងកម្មវិធី ISI Palm របស់ CNC។ តែកាលគ្រានោះការបណ្តឹងរបស់លោកត្រូវបានទទួលបរាជ័យ ដែលជាហេតុធ្វើឲ្យលោកបានដក សុខ ធី ចេញពីបេក្ខភាព ISI Palm ក្រោយពីដាក់ពាក់បណ្តឹងមិនឈ្នះ ហើយក៏ឈប់ឲ្យកូនសិស្សរបស់លោកជាន់សង្វៀនតាំងពីពេលនោះមក។
ទី២ លោកគ្រូ ហេង ប៊ុនឃីម ម្ចាស់ក្លឹប រស្មីភូមិគាបខេត្តបន្ទាយមានជ័យ កន្លងមកលោកគ្រូក៏ធ្លាប់ដាក់ពាក្យបណ្តឹងបានម្តងទៅកាន់សហព័ន្ធគុនខ្មែរ គ្រានោះកូនប្រុសរបស់លោកគឺ ឃីម បូរ៉ា ត្រូវចៅក្រោមផ្តល់ពិន្ទុមិនឯកច្ឆ័ន៣ទល់២ឲ្យទៅកីឡាករថៃ ទួន ប៉េ ជាអ្នកឈ្នះ។ ក្រោយពីដាក់ពាក្យបណ្តឹងរួមទាំងធ្វើការប្រជុំដាក់ពិន្ទុសារថ្មីរបស់សហព័ន្ធរួច ឃើញថា ឃីម បូរ៉ា ពិតជាឈ្នះពិន្ទុ ទួន ប៉េ ពិតប្រាកដមែន ហើយចៅក្រៅទាំង៣រូបនោះក៍ទទួលរងការពិន័យពីសហព័ន្ធរបស់ខ្លួនដោយព្យួរការងារម្នាក់៣ខែ។
ទី៣ លោកគ្រូ ស៊ន អេលីត ម្ចាស់ក្លឹប ប៉ែនកាក់គុនខ្មែរ កន្លងមក លោកធ្លាប់ដាក់ពាក្យបណ្តឹងទៅសហព័ន្ធគុនខ្មែរម្តងដែរ គឺក្នុងជំនួបរវាង សុខ សាវិន និង លន បញ្ញា នៅកម្មវិធី ISI Palm នាស្ថានីយ៍ទូរទស្សន៍ PNN ទីបំផុតបណ្តឹងរបស់លោក ស៊ន អេលីត ក៏មិនបានជោគជ័យ ក្រោយពីសហព័ន្ធប្រជុំដាក់ពិន្ទុសារជាថ្មីម្តងទៀត គឺ សុខ សាវិន ពិតជាចាញ់ពិន្ទុ លន បញ្ញា ពិតប្រាកដមែន ហើយលោកក៏ទទួលស្គាល់ផងដែរ។
ជាមួយគ្នានេះផងដែរ បើយោងតាមសំដីលោក ចាន់ មករា និង លោក ម៉ុល នី ដែលជាអ្នកតាមដានការប្រកួតគុនខ្មែរយ៉ាងសកម្ម ក្នុងចំណោមអ្នកតាមដានផ្សេងៗទៀតក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន, ក្នុងនោះលោក ម៉ុល នី បាននិយាយថា លោកមានការព្រួយបារម្ភច្រើនចំពោះគ្រូបង្វឹក និង ចៅក្រមដាក់ពិន្ទុ ព្រោះថា នៅពេលដែលមានការផ្តឹងផ្តល់កើតមានឡើង ទាំងសងខាងអាចមានផលលំបាកទាំង២ គឺអាចចងគំនុំគ្នាទៅវិញទៅមក មានន័យថា ថ្ងៃនេះលោកដាក់ពិន្ទុឲ្យកូនសិស្សខ្ញុំចាញ់ ចាំមើលថ្ងៃក្រោយខ្ញុំដាក់ពិន្ទុឲ្យកូនសិស្សរបស់លោកឯងចាញ់វិញម្តង ដូចនេះការសងសឹងនិងមិនចេះចប់។ ប្រសិនបើមិនចង់ឲ្យមានរឿងដូច្នេះកើតឡើង គឺចៅក្រមត្រូវតែនៅដាច់ដោយឡែកពីគ្រូបង្វឹក មានន័យថា រាល់គ្រូបង្វឹកទាំងអស់មិនអាចធ្វើជាចៅក្រមដាក់ពិន្ទុបានឡើយ។
ចំណែកឯលោក ចាន់ មករា ក៏មានមតិស្រដៀងនិងលោក ម៉ុល នី ខ្លះដែរ ដោយលោកបានលើកហេតុផលថា រឿងនេះលោកបារម្ភណាស់ ការពិត! សហព័ន្ធមិនគួរយកគ្រូបង្វឹកធ្វើជាមន្រ្តីចៅក្រម ព្រោះថា អាចមានការគុំគួនសងសឹកគ្នា។ លោកក៏បានបន្ថែមទៀតថា ប្រសិនបើគ្រូបង្វឹកផ្តឹងឈ្នះ ចៅក្រមនិងទទួលពិន័យ, អ្វីដែលបារម្ភគឺនៅពេលដែលត្រឡប់ពីការទទួលពិន័យ៣ទៅ៦មកវិញ បើចៅក្រមចេះកែរខ្លួនវាមិនអីនោះទេ តែបើមិនចេះកែវិញគឺគំនុំមានកាន់តែខ្លាំង។ ដូច្នេះសរុបមកលោកទាំង២គឺមានបំណងដូចគ្នា ពោលគឺចង់ឲ្យសហព័ន្ធមិនត្រូវយកគ្រូបង្វឹកមកធ្វើជាមន្រ្តីចៅក្រមឡើយ ប្រសិនបើមិនចង់ឲ្យមានការគុំគួនដាក់គ្នា៕