ទាំងគ្រូបឹងកេត ទាំងគ្រូវិសាខា សុទ្ធតែថាកែប្រែប្រព័ន្ធលេងមុនប៉ះគ្នារសៀលនេះ
ក្លិបបាល់ទាត់ បឹងកេត នឹងត្រូវទទួលស្វាគមន៍ វិសាខា ក្នុងជំនួបសប្តាហ៍ទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០២០ នាកីឡដ្ឋាន Cambodian Airways វេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះ ខណៈដែលគ្រូបង្វឹកទាំងសងខាងថា នឹងផ្លាស់ប្តូទម្រង់លេងមិនឲ្យដូចកាលពីសប្តាហ៍ទី១ឡើយ។
លោក Apisit Im.Amphai គ្រូបង្គោលបឹងកេត បានលើកឡើងថា វិសាខា ជាក្រុមដ៏ខ្លាំងមួយនៅក្របខណ្ឌលីគកំពូលនេះ ដោយសារមានកីឡាករល្អៗ និងបរទេសច្រើន ដូច្នេះខ្ញុំនឹងរៀបចំក្រុមឲ្យល្អជាងប្រកួតដំបូង ពេលលេងជាមួយអង្គរថាយហ្គឺរ។ យើងនៅមានចំណុចខ្វះខាតខ្លះៗដែលត្រូវពង្រឹងបន្ថែម ប៉ុន្តែមិនអាចនិយាយពេលនេះបានទេ តែខ្ញុំត្រូវការជ័យជម្នះយ៉ាងចាំបាច់ ជាពិសេសក្នុងដីខ្លួនឯងពីមុខអ្នកគាំទ្រ។
លោក Colum Curtis គ្រូបង្គោលវិសាខា បាននិយាយថា សម្រាប់ក្រុមខ្ញុំ គ្រប់គូប្រកួតសុទ្ធតែលំបាកទាំងអស់ មិនមានក្រុមណាមួយអាចនឹងងាយស្រួលទេ ព្រោះសុទ្ធតែមានការរៀបចំល្អដូចៗគ្នា។ ហើយកាលពីប្រកួតបើកឆាកកន្លងទៅ ខ្ញុំគិតថា ជ័យជម្នះត្រឹម ២ទល់នឹង១ លើនគរបាលជាតិ មិនអាក្រក់ពេកទេសម្រាប់ក្រុម តែយ៉ាងណាយើងនឹងព្យាយាមកែប្រែចំណុចខ្វះខាតទាំងឡាយឲ្យល្អប្រសើរឡើងវិញដែរមុនប៉ះបឹងកេត។
ដូច្នេះហើយ ការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី២ នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលរបស់កម្ពុជា នារសៀលនេះ នឹងកាន់តែជក់ចិត្តសម្រាប់អ្នកគាំទ្ររបស់ក្រុមទាំងពីរ ក៏ដូចជាអ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់។
រូបភាព៖ ក្លិបបឹងកេត