Ancelotti ថា លោកមិនមែនជាឪពុក Bale ទេ
គ្រូបង្គោល Real Madrid លោក Carlo Ancelotti ទទូចថា លោកពិតជារីករាយដែលបានឃើញ Gareth Bale ជាប់ជម្រើសជាតិវេលស៍សាជាថ្មី ទោះបីជាកូនក្រុមរូបនេះមិនសូវបានលេងនៅក្លិប ដោយសារតែមានបញ្ហារបួស។
កាលថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា គ្រូបង្វឹកជនជាតិអ៊ីតាលីបានចេញមុខការពារ Bale ដែលត្រូវបានគេរិះគន់ចំពោះការមិនសូវបានជួយក្រុម។ ក្នុងសន្និសីទសារព័ត៌មានសម្រាប់ជំនួប Rayo Vallecano លោក Ancelotti បានក្រើនរំឭកពីស្នាដៃដែលកីឡាករជម្រើសជាតិវេលស៍បានរួមចំណែកជួយក្លិបពីមុនមក។
អតីតអ្នកចាត់ការ Everton ថ្លែងថា “៖គាត់បានចេញពីពេទ្យ និងអាចហាត់បាន។ យើងមិនអាចប្រាប់វេលស៍ថា គេលេងមិនបានទេ ព្រោះទិន្នន័យពីពេទ្យបញ្ជាក់ហើយថា គាត់ជាហើយ។ ចង់និយាយថា ខ្ញុំមិនមែនជាឪពុក Bale ទេ។ ប្រហែលមកពីមួយរយៈចុងក្រោយហ្នឹង គាត់មិនស្ថិតក្នុងស្ថានភាពល្អមួយ តែមិនមាននរណាមួយបំភ្លេចគាត់ទេ។ កាលឆ្នាំ២០១៤ គាត់ជួយយើងឈ្នះ Champions League, Copa del Rey និង Champions League។ អ្នកគាំទ្រមិនភ្លេចទេពីស្នាដៃរបស់គេ។”
Gareth Bale គឺជាកីឡាករសំខាន់មួយរូបនៅ Real Madrid ពេលលោក Ancelotti នៅដឹកនាំលើកទី១។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ រហូតដល់ឲ្យ Tottenham ខ្ចីថែមទៀត។ រដូវកាលនេះពេលលោក Ancelotti ត្រលប់មកវិញ Bale ក៏ស្ថិតក្នុងគម្រោងរបស់ក្រុមសាជាថ្មី តែទើបចូលលេងបាន៣លើកប៉ុណ្ណោះនៅ La Liga ដោយសាររបួស៕