អាវ Maradona ពាក់ពេលប្រើដៃទម្លាក់អង់គ្លេសមិនត្រូវបានដាក់លក់ទេ
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក Steve Hodge និយាយថា អាវលោក Diego Maradona ពាក់នៅវគ្គ៨ ក្រុមចុងក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ មិនមែនសម្រាប់លក់ទេ បន្ទាប់ពីមរណភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះ។
លោក Hodge បានផ្លាស់ប្ដូរអាវជាមួយលោក Maradona ក្រោយចប់ការប្រកួតនៅឯកីឡដ្ឋាន Azteca ក្រុងម៉ិកស៊ិក ហើយឥឡូវនេះវាត្រូវបានដាក់បង្ហាញនៅសារមន្ទីរបាល់ទាត់ជាតិក្រុង Manchester ។
លោក Hodge អាយុ ៥៨ ឆ្នាំបានប្រាប់ទូរទស្សន៍ BBC Radio Nottingham ថា “៖ខ្ញុំមានវាអស់រយៈពេល ៣៤ ឆ្នាំមកហើយ ហើយមិនដែលព្យាយាមលក់វាម្តងណាឡើយ។ ខ្ញុំចូលចិត្តវា។ វាមានតម្លៃមនោសញ្ចេតនាមិនគួរឲ្យជឿ។ មានមនុស្សគោះទ្វារខ្ញុំមិនឈប់ ហើយទូរស័ព្ទរោទិ៍ឥតឈប់ឈរពីគ្រប់ស្ថានយទូរទស្សន៍ និងវិទ្យុ និងសូម្បីតែស្ថានីយបរទេស។ វាមិនស្រួលទេហើយវាមិនល្អទេ។ ខ្ញុំបានឃើញអត្ថបទជាច្រើននៅលើអ៊ីនធឺរណែតហើយមានរឿងប្លែកៗជាច្រើននៅជុំវិញ។ វាបង្ហាញការមិនគោរពចំពោះលោក Maradona។”
គួរដឹងដែរថា លោក Diego Maradona ទទួលមរណភាពដោយគាំងបេះដូងក្នុងជន្មាយុ៦០ឆ្នាំ កាលថ្ងៃទី២៥ ខែវិច្ឆិកា។
គេចាំបានថា កាលឆ្នាំ១៩៨៦ អតីតខ្សែប្រយុទ្ធ FC Barcelona និង Napoli ត្រូវបានគេដាក់ឈ្មោះថា បាតដៃព្រះ បន្ទាប់ពីលោកប្រើដៃទះបាល់ចូលសំណាញ់ទីទម្លាក់ក្រុមជម្រើសជាតិអង់គ្លេស នៅវគ្គ៨ក្រុម FIFA World Cup ឆ្នាំនោះ៕