Chelsea ស្មើមែន តែមានកំណត់ត្រាពិសេសមួយក្នុងប្រកួតដំបូងរបស់គ្រូថ្មី
Chelsea បានត្រឹមស្មើ០ទល់នឹង០ជាមួយ Wolverhampton ក្នុងការប្រកួត Premier League នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ និងជាការប្រកួតដំបូងរបស់អ្នកចាត់ការថ្មី Thomas Tuchel ដែលត្រូវបានតែងតាំងជំនួសលោក Frank Lampard។
អ្នកចាត់ការជនជាតិអាល្លឺម៉ង់បានដក Mason Mount ដាក់កៅអីបម្រុង និងផ្ដល់ឱកាសដល់ Mateo Kovacic ចាប់ដៃជាមួយ Jorginho។ ចំណែក Olivier Giroud លេងប្រយុទ្ធកណ្ដាលដែលមានការគាំទ្រពី Hakim Ziyech, Kai Havertz និង Callum Hudson-Odoi។
ទោះបានត្រឹមមួយពិន្ទុក្នុងថ្ងៃដំបូង Chelsea គ្រប់ទីលានដល់ទៅជិត៨០ភាគរយ និងបញ្ជូនបាល់ដល់គ្នា៨២០ដង។ នេះជាកំណត់ត្រាថ្មីនៅ Premier League ក្នុងប្រកួតដំបូងរបស់អ្នកចាត់ការថ្មី គិតចាប់ពីរដូវកាល២០០៣/២០០៤។
លោក Tuchel ពិតជាចង់ឈ្នះការប្រកួតដំបូងខ្លាំងណាស់។ បើក្រឡេកមើលក្រោយ ពោលកាលខែកុម្ភៈ ឆ្នាំ១៩៩៨ អតីតគ្រូបង្គោល Gianluca Vialli បានចាញ់ប្រកួតដំបូងរបស់ខ្លួនក្នុងនាមអ្នកចាត់ការ Chelsea។ កាលនៅរដូវកាល២០០៣/២០០៤វិញ Chelsea ធ្លាប់គ្រប់គ្រងទីលាន៧៩ភាគរយ និងបញ្ជូនឲ្យគ្នាទៅវិញទៅមក៤៣៣ដង ដែលជាកំណត់ត្រាពិសេសបំផុតក្នុងមួយប្រកួតនៅ Premier League នាពេលនោះ។
ឆ្លងកាត់ការប្រកួត២០លើក Chelsea មាន៣០ពិន្ទុឈរលេខ៨៕