
មួយគ្រាប់ឈ្នះ Getafe យប់មិញធ្វើឲ្យ Ramos រកបានច្រើនជាង Messi តាំងពីប្រកួតវិញ
Sergio Ramos បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះដោយបាល់១១ម៉ែត្រនៅនាទី៧៩ លើ Getafe ជំនួប La Liga សប្ដាហ៍ទី៣៣ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា។
មួយគ្រាប់នេះមានន័យថា ខ្សែការពារស្នូល Real Madrid រកបាន៤គ្រាប់ហើយចាប់តាំងពីសកម្មភាពបាល់ទាត់ដំណើរការឡើងវិញក្រោយផ្អាកដោយសារជំងឺកូវីដ១៩ និងច្រើនជាង Lionel Messi មួយគ្រាប់ ពីការប្រកួត៦លើកចុងក្រោយនេះ។ ចំណែក Luis Suarez ទើបរកបានពីរគ្រាប់ប៉ុណ្ណោះ។
Ramos បានសម្រេចទីដោយបាល់១១ម៉ែត្រចំនួន១៨លើក។ ការទាត់មិនបានសម្រេចចុងក្រោយបង្អស់គឺកាលពីរជាងពីរឆ្នាំមុនពេលប៉ះ Sevilla នៅខែឧសភា ឆ្នាំ២០១៨។
បើគិតទាំងគ្រាប់បាល់កាលនៅក្រុម Sevilla កម្រិត B ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះរកបាន១០០គ្រាប់ ហើយបើរាប់តាំងពីឈុតតូចជាងនេះមកដល់ឥឡូវ បាន១១៩គ្រាប់ហើយ។
ដោយឡែក ជ័យជម្នះលើ Getafe យប់មិញធ្វើឲ្យ Real Madrid ៧៤ពិន្ទុពីការប្រកួត៣៣លើក ច្រើនជាងក្រុមលេខពីរ FC Barcelona ៤ពិន្ទុ៕