Lampard ថា Kepa មិនមែនជាអ្នកចាំទីដៃទីមួយនៅ Chelsea ទៀតទេ
អ្នកចាត់ការ Chelsea លោក Frank Lampard ប្រកាសថា Edouard Mendy គឺជាអ្នកចាំទីដៃទីមួយចាប់ពីពេលនេះតទៅ។
“ជាជម្រើសល្អនាពេលនេះ។ Mendy បានបង្ហាញពីគុណផលយ៉ាងល្អ។ គេល្អ ហើយរក្សាសំណាញ់ទីមិនឲ្យគេទាត់ចូលពីរប្រកួតទៀត។”នេះបើតាមការសង្កត់ធ្ងន់ពីលោក Frank Lampard។
ការបញ្ជាក់ក្ដែងៗនេះមានន័យថា Kepa Arrizabalaga ដែលជាអ្នកចាំទីថ្លៃជាងគេលើលោកបានបង់តំណែងដៃទីមួយនៅ Stamford Bridge។
តាមពិតទៅរឿងនេះក៏មិនគួរភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះអ្នកទស្សនាជាច្រើនទំនងបានដឹងច្បាស់នៅពេល Chelsea ចាយ២២លានផោនបីទិញ Mendy ពី Rennes។ គ្រាន់តែចូលមកដល់ភ្លាម អ្នកចាំទីជម្រើសជាតិសេនេហ្គាល់បានចូលចាប់បាល់ក្នុងការប្រកួតតទល់ Tottenham, Crystal Palace និង Sevilla។
ការរបូតតំណែងនេះកើតឡើងក៏ដោយសារតែ Kepa ប្រព្រឹត្តកំហុសបន្តបន្ទាប់ដែលហាក់មិនស័ក្ដិសមនឹងតម្លៃខ្លួនដែល Chelsea ចំណាយដល់ទៅ៧១លានផោនទិញពី Atletic Bilbao នៅដើមរដូវកាល២០១៨/២០១៩។
នាពេលថ្មីៗនេះ Chelsea ក៏បានបន្ថែមអតីតអ្នកចាំទី Petr Cech ចូលក្នុងបញ្ជី២៥នាក់សម្រាប់ Premier League ទៀតផង៕