Lingard ជាកីឡាករ West Ham ទី១ចាប់តាំងពីឆ្នាំ២០១៦ដែលទាត់ចូល៤ប្រកួតជាប់គ្នា
Jesse Lingard បានបន្តគុណផលយ៉ាងអស្ចារ្យសម្រាប់ West Ham United ដោយរកបាន២គ្រាប់ក្នុងវគ្គទីមួយ ខណៈក្រុមហៅកាត់ញញួរធំរកបានជ័យជម្នះ៣ទល់នឹង២លើ Leicester City ក្នុងការប្រកួត Premier League និងបន្តក្ដីសង្ឃឹមប្រជែងកៅអី UEFA Champions League។
ខ្សែការពារ Vladimir Coufal បានបញ្ជូនឲ្យ Ligard ទាត់បញ្ចូលទីពីក្រៅប្រអប់ក្នុងនាទី២៩។ ដូច្នេះខ្សែបម្រើអង់គ្លេសក្លាយជាកីឡាករ West Ham United ដំបូងចាប់តាំងពីឆ្នាំ២០១៦ ដែលរកបានគ្រាប់បាល់បញ្ចូលទី៤ប្រកួតជាប់គ្នានៅ Premier League។ Michail Antonio ធ្លាប់ធ្វើបានកាល៥ឆ្នាំមុន។
គ្រាប់ទី២កើតឡើងពេល Jarrod Bowen លួច off-side ពីការបញ្ជូនបានល្អដោយ Issa Diop ហើយក៏ទះបន្តទៅ Lingard ដែលឈរចាំទាត់បញ្ចូលទីតែម្នាក់ឯង។ នេះជាគ្រាប់ទី៨របស់គេនៅ West Ham ក្នុងការប្រកួត Premier League ៩លើកចាប់តាំងពីផ្ទេរពី Man UTD លើកិច្ចសន្យាខ្ចី។
គេក៏បានរួមចំណែកបង្កើតឱកាសរកគ្រាប់ទី៣ ពេលបញ្ជូនឲ្យ Tomas Soucek ប៉ះបន្តទៅ Bowen ស៊ុតចូលនាទី៤៨។
Leicester វាយបកបាន២គ្រាប់វិញដោយ Kelechi Inheanacho នាទី៧០ និង៩០+១ ហើយនេះក៏ជាគ្រាប់ទី១១ពីការចូលលេង១១លើកចុងក្រោយរបស់គេ។ ដោយឡែក James Maddison, Hamza Choudhury និង Ayoze Perez មិនមានឈ្មោះក្នុងការប្រកួតនេះទេសម្រាប់ Leicester ដោយសារបានបំពានវិធានការកូវីដ១៩។
ឆ្លងកាត់ការប្រកួត៣១លើក West Ham មាន៥៥ពិន្ទុឈរលេខ៤ ក្រោមក្រុមលេខ៣ Leicester តែមួយពិន្ទុប៉ុណ្ណោះ៕