
រុស្ស៊ីចង់ចេញពី UEFA ចូល AFC
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) បានប្រកាសពីការត្រៀមខ្លួនចាកចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដើម្បីចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC) នាពេលខាងមុខ។
ប្រធាន RFS លោក Aleksandr Dyukov បានប្រាប់ RIA ថា “៖កាលពីប៉ុន្មានខែមុន ខ្ញុំបាននិយាយថា គំនិតនៃការចូលរួមកីឡាបាល់ទាត់អាស៊ីគឺលឿនបន្តិច។ ប៉ុន្តែឥឡូវនេះវាគឺជាឱកាសមួយដែលយើងគួរតែពិចារណា។”
នេះជាលើកទីមួយហើយដែល RFS បញ្ជាក់ពីលទ្ធភាពចាកចេញពី UEFA ទៅចូលរួមជាមួយ AFC ។ កាលពីខែមីនា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហើបពីបំណងខាងលើដើម្បីជាការសង្គ្រោះសម្រាប់ក្រុមជម្រើសជាតិ និងក្លិបរបស់ពួកគេដើម្បីបន្តការប្រកួតអន្តរជាតិ។
បាល់ទាត់រុស្ស៊ីត្រូវរងបម្រាមមិនកំណត់ពី FIFA និង UEFA។ ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសរបស់ពួកគេមិនត្រូវបានអនុញ្ញាតឱ្យលេងក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2022 ខណៈដែលក្រុមនារីត្រូវបានដកហូតសិទ្ធិក្នុងការលេងនៅវគ្គផ្តាច់ព្រ័ត្រ EURO 2022៕