ភ្នំពេញក្រោនប៉ះទ័ពរសៀលនេះដណ្ដើមពានមិត្តភាពនៅព្រីនស៍
ការប្រកួតបាល់ទាត់មិត្តភាព Pre-Season ពានរង្វាន់ Prince Beer ចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែលប្រព្រឹត្តទៅនៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៥ល្ងាច។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ គឺជាការប៉ះគ្នារវាងភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។
មុនឈានមកដល់វគ្គនេះ ភ្នំពេញក្រោន បានយកឈ្នះព្រៃវែងអេហ្វស៊ី ០ទល់នឹង១ និងទ័ពទម្លាក់ម្ចាស់ផ្ទះវិសាខា ០ទល់នឹង៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមទាំង២ធ្លាប់ប៉ះគ្នាម្ដង ក្នុងវគ្គចែកពូល ដែលកាលណោះភ្នំពេញក្រោន ឈ្នះ០ទល់នឹង១។ សម្រាប់ភ្នំពេញក្រោនមិនទាន់របូតគ្រាប់បាល់នៅឡើយទេពីការប្រកួតកន្លងមក។ គេរំពឹងថា ក្រោននឹងអាចធ្វើបានល្អ តែទ័ពក៏បង្ហាញគុណផលគួរកត់សម្គាល់ពេលប៉ះវិសាខាដែរ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 ដែលធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ដោយមាន៦ក្រុមចូលរួម។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៣ពាន់ដុល្លារ, ជើងឯករង ចំនួន២ពាន់ដុល្លារ, ម្ចាស់ស្បែកជើងមាស ៥០០ដុល្លារ និង ម្ចាស់ស្រោមដៃមាស៥០០ដុល្លារ៕