ខ្សែការពារ Sergio Ramos ចង់ផ្ទេរមក Man United ជាងផ្លាស់ទៅកាន់ PSG
ខ្សែការពារ Sergio Ramos ត្រូវបានគេរាយការណ៍មកថា ចង់សម្រេចការផ្ទេរមក Manchester United ជាងផ្លាស់ទៅកាន់ Paris Saint Germain បើសិនជាការបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid មិនបានសម្រេច។
កុងត្រារបស់ប្រធានក្រុមខាងលើនៅទឹកដី Santiago Bernabeu នឹងត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះ ខណៈការចរចារក្នុងការបង្កើនកិច្ចសន្យាថ្មីចំនួន២លើកជាមួយក្រុមជើងឯក La Liga ៣៤សម័យនៅមិនទាន់អាចសម្រេចបាននៅឡើយទេ។
សារព័ត៌មាន Marca បានចុះផ្សាយថា អតីតយុវជន Sevilla បានបង្ហើបថា ខ្លួនចង់ផ្លាស់ទៅកាន់កីឡដ្ឋាន Old Trafford ជាងទៅទឹកដីបារាំង ក្រោយពេលក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍មកថា បានផ្តល់កុងត្រារយៈពេល៣ឆ្នាំមកកាន់ខ្លួន ខណៈ PSG ផ្តល់ត្រឹមតែ២ឆ្នាំតែប៉ុណ្ណោះ។
គួរឱ្យដឹងថា សមាជិកក្រុមគោជល់អេស្ប៉ាញទាមទារបន្តុកុងត្រាថ្មីជាមួយក្លឹបរយៈពេល២-៣ឆ្នាំបន្តទៀតជាមួយនឹងថ្លៃនឿយហត់ប្រចាំសប្តាហ៍៥សែនអឺរ៉ូក្នុង១សប្តាហ៍ ប៉ុន្តែប្រធានក្លឹប Florentino Perez ចង់បន្តកុងត្រាជាមួយកីឡាករវ័យ៣៣ឆ្នាំរូបនេះត្រឹម១ឆ្នាំទៀតតែប៉ុណ្ណោះជាមួយនឹងលក្ខខ័ណ្ឌបន្ថែម១ឆ្នាំទៀត ដោយកាត់ថ្លៃនឿយហត់ប្រមាណ៣០ភាគរយ។