Mourinho ថា De Bruyne ដាក់សម្ពាធលើខ្លួនខ្លាំងកាលនៅ Chelsea
លោក Jose Mourinho រំឭកថា លោកពិតជាចង់រក្សា Kevin De Bruyne នៅ Chelsea កាលលោកនៅជាអ្នកចាត់ការក្រុមនេះ ប៉ុន្តែខ្សែបម្រើបែលហ្ស៊ិករូបនេះមិនអាចស៊ូទ្រាំក្នុងររង់ចាំឱកាសចូលលេងបាន។
“ខ្ញុំមិនចង់ឲ្យក្លិបផ្សេងខ្ចីទេ ចង់ឲ្យគេនៅ Chelsea។ កាលហ្នុងជាប្រកួតដំបូងរបស់យើងនៅ Premier League តទល់ Hull City ហើយខ្ញុំក៏បានដាក់ឲ្យគេលេង១១នាក់ដំបូង។ ប្រកួតបន្ទាប់យើងបានប្រកួតជាមួយ Manchester United នៅ Old Trafford ហើយគេនិយាយថា គេចង់លេងគ្រប់ប្រកួត គ្រប់នាទី។ De Bruyne ពិតជាដាក់សម្ពាធលើខ្ញុំណាស់។” នេះជាការបង្ហើបឲ្យដឹងពីលោក Jose Mourinho ទៅកាន់សារព័ត៌មាន TalkSport។
ក្រោយចាកចេញពី Chelsea កីឡាករពូកែបញ្ជូន De Bruyne បានក្លាយជាខ្សែបម្រើកម្រិតកំពូលមួយរូបនៅអឺរ៉ុប ជាពិសេសចាប់តាំងពីចូលរួមជាមួយ Manchester City។ អ្នកគាំទ្រ Chelsea ពិតជាខឹងខ្លាំងដែលលោក Mourinho បានឲ្យកីឡាករឆ្នើមរូបនេះចាកចេញ។
Kevin de Bruyne មានឈ្មោះនៅ Chelsea ពីចន្លោះឆ្នាំ២០១២ ដល់២០១៤ តែលេងត្រឹមមួយរដូវកាលប៉ុណ្ណោះ ដោយពី២០១២ដល់២០១៣ គេត្រូវបាន Werder Bremen ខ្ចី មុនផ្ទេរផ្ដាច់ទៅ Wolfsburg ក្នុងខែមករា ឆ្នាំ២០១៤ តម្លៃ១៨លានផោន។ គេក៏ត្រូវបាន Manchester City ទិញយកក្នុងខែសីហា ឆ្នាំ២០១៥ តម្លៃ៥៥លានផោនដែលជាកំណត់ត្រារបស់ក្លិបមេឃខៀវនាពេលនោះ។ ចាប់ពីពេលនោះមក De Bruyne ក៏បានក្លាយជាកីឡាករស្នូលនៅ Man City ដោយរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើន៕