កូរ៉េខាងត្បូងប្ដឹងទៅ FIFA រឿងបកប្រែខុស
សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធកីឡាពិភពលោកជុំវិញការបកប្រែខុសខ្លឹមសារ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា លោក Paulo Bento គ្រូបង្គោលជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានសួរនាំរឿងកីឡាករ Hwang Hee-chan និង Kim Min-jae។ លោកបានឆ្លើយតបជាភាសាព័រទុយហ្គាល់ថា អ្នកទាំង២កំពុងតែមានភាពប្រសើរហើយ តែលោកមិនទាន់ដឹងច្បាស់ទេ។ ផ្ទុយទៅវិញ អ្នកបកប្រែបានបកខុស ដោយថាអ្នកទាំង២មិនបានលេងទេពេលប៉ះហ្គាណា ធ្វើឲ្យអ្នកព័ត៌មានយកខុសដែរ។
ជាការឆ្លើយតប សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសូមអភ័យទោស និងថា មិនឲ្យមានបញ្ហានេះកើតឡើងទៀតឡើយ។
Kim Min-jae បានលេងពេញម៉ោងកាលប៉ះអ៊ុយរុយហ្គាយ តែកាលណោះរបួសក្នុងវគ្គទី២ យ៉ាងណា គេនៅតែប្រឹងលេងដល់ចប់។ ចំណែក Hwang Hee-chan មានបញ្ហាសរសៃពួរ៕