ការបណ្តេញ Mourinho ពី Manchester United គឺជារឿងត្រឹមប្រសិនបើ Ole អាចជួយអោយក្រុមឈ្នះ Everton នៅចុងសប្តាហ៍នេះ
(BC-99)
១៧ប្រកួតចុងក្រោយដែលលោក Jose Mourinho បានដឹកនាំក្រុម Man Utd គឺទទួលបានជ័យជម្នះ៧ដង ស្មើ៥ដងនិងចាញ់៥ដង ខណៈពេលដែល១៦ប្រកួតរបស់ Man Utd ដែលឋិតក្រោមការគ្រប់គ្រងរបស់លោក Ole Gunnar Solskjaer នាពេលកន្លងទៅគឺទទួលបានជ័យជម្នះ៦ដង ស្មើ៦ដងនិងចាញ់៤ដង។
ដូចនេះសម្រាប់ការប្រកួតរវាង Manchester United ជាម្ចាស់ផ្ទះនិងភ្ញៀវ Everton នៅចុងសប្តាហ៍នេះវាគឺជាការដឹកនាំរបស់លោក Ole លើកទី១៧ហើយក៏ជាការកាត់ក្តីផងដែរថា តើការបណ្តេញលោក Jose Mourinho ពីទឹកដី Old Trafford គឺជារឿងត្រឹមត្រូវដែរឬយ៉ាងណា។
មុននេះពីរប្រកួតលោក Ole Gunnar Solskjaer ធ្លាប់បានបង្ហើបប្រាប់កូនក្រុមរបស់ខ្លួនថា ការងាររបស់លោកនឹងមិនស្ថិតស្ថេរនោះទេប្រសិនបើបិសាចក្រហមចាញ់ការប្រកួតចំពោះក្រុមមាន់ខ្នាយមាស Tottenham Hot Spur និងក្រុមមេឃខៀវ Manchester City។ ក្រោយពីបានយកឈ្នះដោយលទ្ធផល ២-១ លើក្រុមទាំងពីរនេះរួចមក តំណែងរបស់លោក Ole ហាក់ដូចជាមានលំនឹងឡើងវិញ។ ជាពិសេសជាងនេះទៀតគឺពួកគេទើបតែប្រកួតយកឈ្នះលើក្រុម AZ ៤-០ នៅក្របខ័ណ្ឌ EUROPA League កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅ ដែលនេះកាន់តែធ្វើអោយការងាររបស់បុរសសញ្ជាតិ ណ័រវេយស៍ រូបនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀត។
បើអាចបំបាក់ Everton ដែលកំពុងតែគ្មានអ្នកដឹកនាំជាផ្លូវការណ៍បាននៅថ្ងៃអាទិត្យនេះមានន័យថា ១៧ប្រកួតដែលដឹកនាំដោយលោក Ole Gunnar Solskjaer ក្រុម Manchester United នឹងទទួលបានជ័យជម្នះ៧ដង ស្មើ៦ដងនិងចាញ់តែ៤ដងប៉ុណ្ណោះនឹងមាន២៧ពិន្ទុ បើធៀបទៅនិងកំណត់ត្រារបស់លោក Mourinho ដឹកនាំក្រុមនេះ១៧ដងចុងក្រោយរកជ័យជម្នះបាន៧ដង តែស្មើ៥ដងនិងចាញ់៥ដងមាន២៦ពិន្ទុ។