ម៉ាឡេស៊ីដាក់គោលដៅ Top 3 ក្នុងតារាងមេដាយស៊ីហ្គេមឆ្នាំនេះ
ប្រធានប្រតិភូអត្តពលិកម៉ាឡេស៊ីចូលរួមស៊ីហ្គេមលើកទី៣១ នៅវៀតណាម លោក Nur Azmi Ahmad សង្ឃឹមថា អត្តពលិករបស់លោកនឹងអាចសម្រេចបានគោលដៅ ដោយអាចស្ថិតក្នុងចំណោមកំពូលទាំង៣នៃតារាងមេដាយសរុប។
“យើងប៉ងចូលក្នុង Top 3។ អត្តពលិកយើងត្រូវតែប្រឹងប្រែង និងផ្ដល់តម្លៃទៅលើអ្វីដែលរដ្ឋាភិបាលបានជ្រោមជ្រែង នោះគឺការប្រជែងមេដាយឲ្យបានច្រើន។” នេះជាការថ្លែងរបស់លោក Nur Azmi Ahmad។
ថ្នាក់ដឹកនាំដដែលនិយាយថា គោលដៅចម្បងរបស់ក្រុមម៉ាឡេស៊ី គឺដណ្ដើមឲ្យបានមេដាយមាស៣១គ្រឿងនៅស៊ីហ្គេមឆ្នាំនេះ។
លោក Nur Azmi អះអាងថា អវត្តមានពីព្រឹត្តិការណ៍អន្តរជាតិនានាជាង២ឆ្នាំំមកនេះដោយសារកូវីដ១៩ មិនមែនជាឧបសគ្គរារាំងក្នុងការក្រសោបមេដាយនៅស៊ីហ្គេម ព្រោះវាប៉ះពាល់ទាំងអស់គ្នា។ ដូច្នេះសមាជិកម៉ាឡេស៊ីទាំងអស់ត្រូវតែប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលដៅ។
បើតាមគម្រោងក្នុងស៊ីហ្គេមឆ្នាំនេះ ម៉ាឡេស៊ី នឹងបញ្ជូនអត្តពលិក៦៥៤នាក់ទៅវៀតណាម ដែលក្នុងនោះមាន៤៣៥នាក់ជាបុរស និង២១៩នាក់ជាស្ត្រី ដែលនេះជាចំនួនច្រើនបំផុតទី៣ បន្ទាប់ពីវៀតណាម (៩៦៥នាក់) និងថៃ (៨៧១នាក់)។
នៅស៊ីហ្គេម ប្រទេសហ្វីលីពីន កាលឆ្នាំ២០១៩ ម៉ាឡេស៊ី ស្ថិតនៅលេខ៥ ដោយរកបាន៥៦មេដាយមាស, ប្រាក់៥៧គ្រឿង និងសំរឹទ្ធ៧១គ្រឿង។ ម៉ាឡេស៊ីធ្លាប់បានមេដាយច្រើនជាងគេ២ដង កាលឆ្នាំ២០០១ និង២០១៧ ដែលកាលណោះ ពួកគេជាម្ចាស់ផ្ទះតែម្ដង៕