សម្ដេច ទៀ បាញ់ “៖ ជោគជ័យនៅអាស៊ានប៉ារ៉ាហ្គេមបង្ហាញថា ជនពិការភាពយើងមិនអសមត្ថភាពទេ”
ទង់អាស៊ានប៉ារ៉ាហ្គេមត្រូវបាននាំយកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយកាលថ្ងៃអាទិត្យ ទី០៧ ខែសីហា ក្រោយបញ្ចប់យុទ្ធនាការស្វែងរកមេដាយនៅក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ពីចន្លោះថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។
ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្រុមអត្តពលិកកម្ពុជារកបានមេដាយចំនួន២៨គ្រឿងដែលមានមាស៧ ប្រាក់១០ និងសំរឹទ្ធ១១។ នេះជាឯកត្តកម្មថ្មីនៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាមានពិការភាពនៅប្រទេសមួយចំនួននាពេលកន្លងមក។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ថា “៖ជោគជ័យនេះបានបង្ហាញថា ជនពិការភាពមិនមែនអសមត្ថភាពឡើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់លើកកម្ពស់ និងជំរុញស្មារតីជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ការលះបង់ ការតស៊ូ ការព្យាយាម ការអំណត់ អត់ធ្មត់ ស៊ូទ្រាំគ្រប់ការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីជនពិការរបស់យើង ហើយត្រូវយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិពិការ ក្នុងស្មារតីអភិវឌ្ឍន៍វិស័យកីឡា ប្រកបដោយគុណភាព គុណផល និងសមត្ថភាពកីឡាដ៏រឹងមាំ សម្រាប់ឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។”
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ដោយមាន១២ប្រភេទកីឡា៕