
អាជ្ញាកណ្ដាលចៅក្រមមកពីអឺរ៉ុបនឹងចូលរួមកាត់សេចក្ដីវ៉ូវីណាមនៅស៊ីហ្គេម
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ៖«ការកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមលើប្រភេទកីឡាវ៉ូវីណាម ក្នុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ត្រូវតែត្រឹមត្រូវ យុត្តិធម៌ ដោយមិនបង្កការប៉ះទង្គិចផ្លូវអារម្មណ៍របស់ប្រតិភូ កីឡាករ កីឡាការិនីអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។
ថ្នាក់ដឹកដដែលសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការប៉ះពាល់អារម្មណ៍របស់កីឡាករ កីឡាការិនីចូលរួមប្រកួតស៊ីហ្គេម ២០២៣ គឺសមាជិកអាស៊ានទាំងមូល ត្រូវបានអនុញ្ញាតឱ្យនាំមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមតែ២នាក់ប៉ុណ្ណោះ។
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC នាំយកមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមពីទ្វីបអឺរ៉ុបមកជួយដឹកនាំកាត់សេចក្តីការប្រកួតកីឡាវ៉ូវីណាម នាពេលស៊ីហ្គេម ២០២៣។ តាមផែនការ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមមកពីអឺរ៉ុបមានចំនួន៤នាក់ នឹងចូលរួមកាត់សេចក្តីក្នុងពេលស៊ីហ្គេម ២០២៣ នៅកម្ពុជា ជាមួយមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមម្ចាស់ផ្ទះកម្ពុជា បូករួមទាំងមន្ត្រីមកពីអាស៊ានតាមគោលការណ៍កំណត់៕