
កម្ពុជាបន្ថែមរកបានមេដាយមាសទី៧នៅអាស៊ានប៉ារ៉ាហ្គេម
ក្រុមកីឡាករកម្ពុជា ក្រសោបបានមេដាយមាស លើវិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤ x ៤ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ។
កីឡាករទាំង៤រូបមានឈ្មោះថា វ៉ាន វ៉ុន , ឈន់ ពន់ , ហៀ ហុក , ហេង សាវឿន។
លទ្ធផលនេះមានន័យថាកម្ពុជា បានកើនមេដាយសរុប ២៥គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ៩ និងសំរឹទ្ធ ៩ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា នេះ។
ទាក់ទងទៅនឹងលទ្ធផលដ៏ល្អនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈប្រតិភូកីឡាជនពិការកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីមានមោទកភាព និងកក់ក្តៅដែលបានឃើញផ្ទាល់នូវឆន្ទៈ ស្មារតី ការលះបង់ និងស្នាមញញឹមរបស់អត្តពលិកជនពិការកម្ពុជាដែលកំពុងប្រកួត។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ៖«ក្នុងនាមខ្ញុំជាសមាជិកគណៈប្រតិភូមួយរូប ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូបពិតជាមានការសាទរ និងមោទនភាពចំពោះអ្វីដែលកីឡាករ កីឡាការិនីរបស់យើងសម្រេចបាននៅទឹកដីសូឡូ ក្នុងការប្រកួតប្រជែងនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ អ្វីដែលជាការខំប្រឹងប្រែង ការត្រៀមខ្លួនរបស់គាត់ តំណាងឲ្យប្រទេសទាំងមូល ទាំងប្រជាពលរដ្ឋ១៧លាន ហើយសម្រេចបាននូវភាពជោគជ័យប៉ុណ្ណេះគឺពិតជាអស្ចារ្យមែនទែន។ ខ្ញុំគ្មានអ្វីក្រៅពីការសាទរ មោទនភាព និងកោតសរសើរចំពោះការប្រឹងប្រែងរបស់ពួកគាត់តំណាងឲ្យប្រទេសជាតិ»៕