ជប៉ុនមិនអនុញ្ញាត្តិអោយក្រុមអត្តពលិករបស់ខ្លួនចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា៖ ក្រុមអត្តពលិកជប៉ុនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១ នឹងមិនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចិនបានស្នើផ្ដល់ឲ្យនោះទេ ដោយសារជប៉ុនមិនបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ចិន។ នេះបើយោងតាមរដ្ឋមន្ត្រីអូឡាំពិកជប៉ុន Tamayo Marukawa បាននិយាយនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកចិន បានស្នើចាក់វ៉ាក់សាំងឲ្យអ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូនៅឆ្នាំនេះ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២។ លោកស្រី Marukawa បាននិយាយឲ្យដឹងបន្ថែមទៀតថា នឹងមិនមានការផ្លាស់ប្តូរទេនៅក្នុងផែនការរបស់អ្នកក្រុមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូក្នុងការធ្វើឲ្យព្រឹត្តិការណ៍នេះមានសុវត្ថិភាព ទោះអ្នកចូលរួមបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ឬក៏អត់នោះទេ។ នៅពេលដែលត្រូវបានគេសួរថាតើក្រុមអត្តពលិកគួរតែទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានស្នើផ្តល់ដោយប្រទេសចិនឬទេ លោកស្រី ម៉ារូកាវ៉ា បាននិយាយថា «ខ្ញុំគិតថានោះគឺជាការសម្រេចចិត្តរបស់បណ្តាប្រទេសដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូគ្រោងនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ចំណែកប៉ារ៉ាឡាំពិកនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីត្រូវបានពន្យារពេលមួយឆ្នាំដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩៕