
អ្នកជំនាញអន្តរជាតិ “៖អត្តពលកម្មកម្ពុជាត្រូវការធនធានមនុស្សច្រើនទៀត”
អ្នកជំនាញអត្តពលកម្មអន្តរជាតិ លោក Oliver Scheer មកពីស្ថាប័នកីឡាអត្តពលកម្មពិភពលោក (World Athletics) បានបង្ហាញពីចំណុចខ្វះខាតរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកត្ដាធនធានមនុស្ស ដែលត្រូវពង្រឹងបន្ថែម ដើម្បីសម្រួចគោលដៅ នាថ្ងៃអនាគត។ ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។
ក្រោយបញ្ចប់គម្រោងខាងលើ បុរសជនជាតិអូទ្រីសរូបនេះ បានបញ្ជាក់ថា “៖អ្វីដែលយើងមើលឃើញ គឺកត្ដាធនធានមនុស្ស ដើម្បីធ្វើការជារួម និងការបង្កើតជាគម្រោង តែដោយសារយើងខ្វះធនធានមនុស្ស ធ្វើឲ្យគម្រោងពិបាកនឹងដំណើរការ។ ក្នុងនោះកម្រិតថ្នាលយើង មិនទាន់មានអ្វីច្បាស់លាស់។ នេះគឺជាភាពខ្វះខាតមួយ ដែលយើងមិនអាចមានលទ្ធផលល្អ។ ក្រោយពីបានវាយតម្លៃហើយ ក៏មើលឃើញថា ស្ថានភាពកន្លែងណាខ្លះ ដែលយើងត្រូវលូតលាស់បន្ថែម ហើយអ្វីខ្លះដែលយើងត្រូវបង្កើត ដោយសារជាការសម្រួចគោលដៅទៅថ្ងៃមុខ។”
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា គម្រោងខាងលើ ផ្ដោតសំខាន់លើ ២ចំណុច គឺទី១-ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការបង្ហាត់របស់គ្រូបង្វឹក និងទី២-ការរៀបចំកែសម្រួល និងអភិវឌ្ឍ គ្រប់គ្រងរចនាសម្ព័ន្ធរបស់សហព័ន្ធ។ តាមការបញ្ជាក់របស់អ្នកជំនាញការអន្ដរជាតិរូបនេះ គឺមានចំណុចជាច្រើន ដែលសហព័ន្ធត្រូវធ្វើការពិនិត្យ និងកែសម្រួល ហើយលោកនឹងរៀបចំផែនការយុទ្ធសាស្ដ្រ និងការបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍទៅតាមអ្វីដែលលោកមើលឃើញ តាមរយៈកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕