កីឡាកររត់ល្បឿនកម្ពុជា ប៉ែន សុគង់ បន្តហ្វឹកហាត់នៅជប៉ុនត្រៀមស៊ីហ្គេម២០២១
អត្តពលិកហែលទឹកកម្ពុជាទាំង២រូប គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ព្រមទាំងគណៈប្រតិភូបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃចន្ទ ទី០២ ខែសីហា បន្ទាប់ពីបានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នៅប្រទេសជប៉ុន។
ដោយឡែក កីឡាកររត់ល្បឿនកម្ពុជា ប៉ែន សុគង់ មិនទាន់បានរួមដំណើរមកកាន់មាតុភូមិកំណើតនៅឡើយទេ ព្រោះគេត្រូវបន្តហ្វឹកហាត់នាក្រុង Kanagawa ប្រទេសជប៉ុន រយៈពេលមួយឆ្នាំដើម្បីសម្រួចសមត្ថភាពត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2021) នៅប្រទេសវៀតណាម ឆ្នាំ២០២២ ខាងមុខ។
ប៉ែន សុគង់ បញ្ជាក់ថា ការបន្តហ្វឹកហាត់នេះធ្វើឡើងក្រោមការជួយជ្រោមជ្រែងពីភាគីជប៉ុនដោយផ្ទាល់ ហើយគេនឹងហ្វឹកហាត់ជាមួយក្រុមអត្តពលិកម្ចាស់ផ្ទះតែម្ដង។
គួរដឹងដែរថា កីឡាកររត់ល្បឿនកម្ពុជា ប៉ែន សុគង់ ទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមកីឡាករ៩នាក់ក្នុង heat ទី១ នៃវិញ្ញាសារត់១០០ម៉ែត្រ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ដោយគេបានប្រើពេល១០វិនាទីចុច០២ នាំមុខកីឡាករអាហ្វហ្គានីស្ថាន, គីរីបាទី និងអាមេរិកសាម័រ។
អត្តពលិក២រូបទៀត គឺហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរីរបស់កម្ពុជាបានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ដោយកីឡាករ ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 (ទាំងអស់១០ heat) ដោយចំណាយពេល២៤វិនាទីចុច៩១។ ចំណែកកីឡាករហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បានចំណាយពេល ២៩វិនាទីចុច៤២។
រូបភាព ៖ Sport Photos
គួរបញ្ជាក់ថា ក្រុមកីឡាករហែលទឹក និងប្រតិភូដែលបានមកដល់កម្ពុជាវិញនឹងធ្វើចត្តាឡីស័ក១៤ថ្ងៃជាមុនសិនមុនវិលទៅកាន់គេដ្ឋានរៀងៗខ្លួន៕