
ម្ចាស់មេដាយស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាល
ប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល (\២ម៉ឺន៧ពាន់៣រយ៣លាននិង៦រយពាន់រៀល) ស្មើនឹងប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិកពី រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ រួចរាល់ហើយ នៅព្រឹកថ្ងៃអង្គារទី២៧ ខែមិថុនានេះនាទីស្ដីការក្រសួងការពារជាតិ។
ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររៀបចំការប្រកួត និងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់អត្តពលិកជ័យលាភី និងគ្រូបង្វឹក-គ្រូជំនួយ ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រយ៍ CAMSOC/CAMAPGOC បានបញ្ជាក់ថា ដោយទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យផ្ដល់ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដោយមេដាយមាស ទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ខណៈគ្រូបង្វឹក ទទួលបានដូចកីឡាករមេដាយខ្ពស់បំផុតរបស់ខ្លួន និងគ្រូជំនួយក៏ទទួលបាន ៧០% នៃគ្រូបង្វឹកផងដែរ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកម្ពុជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ពីការរៀបចំព្រឹត្តការណ៍ជាប្រវិត្ថសាស្រ្តមួយនេះ ។ អរគុណដល់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំ បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានភាពរីកចម្រើនគ្រប់វិស័យ និងពិសេស មានការយកចិត្តទុកដាក់ចំពោះ វិស័យកីឡា ព្រមទាំងបានប្រគល់ប្រាក់រង្វាន់ ដល់ម្ចាស់ជ័យលាភី នាពេលនេះ។
គួរដឹងថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមអត្តពលិកជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) ឈរចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម ១១ប្រទេស ។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ឈរចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ។