CAMSOC សម្រេចបានការងារធំៗចំនួន៧ហើយមុនស៊ីហ្គេម២០២៣មកដល់
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ហៅកាត់ CAMSOC បានធ្វើពិធីរាប់ថយក្រោយ២០០ថ្ងៃ កាលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានបង្ហាញពីលទ្ធផលការងារដែលសម្រេចបានដូចខាងក្រោម ៖
១-ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។
២-ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
៣- ការផ្ដល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុនឯកជន ដូចជាការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System” ការស្វែងរកចំណូលតាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ International Broadcasting Center ។ល។
៤-ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥,៥០០នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុត ដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូន CAMSOC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
៥-ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងការពន្លឿនដាក់ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវទៅមហាវិថីឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើងបំភ្លឺតាមដើមឈើជាដើម។
៦-ខេត្តត្រៀមទទួលរៀបចំការប្រកួតកីឡាមួយចំនូន ដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ក៏សម្ដេចពិជ័យសេនាប្រធាន បានដាក់គោលការណ៍ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និងរៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ។
៧-ពិធីផ្សេងៗ ពិសេសពិធីបើក-បិទ រត់ភ្លើងគប់ ក៏ត្រូវបានឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ និងកំពុងដំណើរការរៀបចំឲ្យមានភាពអស្ចារ្យផងដែរ។
គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់ ។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕