
ហ្គេម៖បាល់ទះបុរសចាប់ឆ្នោតឡើងវិញ កម្ពុជា នៅពូលជាមួយឥណ្ឌូណេស៊ី សិង្ហបុរីនិងហ្វីលីពីន
កីឡាបាល់ទះ វិញ្ញាសាបុរសក្នុងសាលបានចាប់ឆ្នោតជ្រើសរើសពូលឡើងវិញ ក្រោយហ្វីលីពីន ស្នើសុំចូលរួមក្រោយ ក្រោយថ្ងៃចុះបញ្ជីគ្រប់ប្រភេទកីឡា ត្រូវបានបិទទ្វា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់មេដាយមាសឆ្នាំចាស់ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន។
ក្រោយចាប់ឆ្នោតលើកទី១ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ស្រាប់តែហ្វីលីពីន បានទទួចអោយកម្ពុជា បន្ថែមវិញ្ញាសាបាល់ទះបុរសក្នុងសាលរបស់ខ្លួន បើទោះជាដឹងខ្លួនថាផុតកាលបរិច្ឆេទនៃចុះបញ្ជីទៅហើយក្ដី។ រំលង១ថ្ងៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានផ្ញើលិខិតឆ្លើយតបទៅកាន់ហ្វីលីពីន ថាសម្រាប់កម្ពុជា នឹងជួយសម្របសម្រួល ករណីប្រទេសជាសមាជិកអាស៊ានផ្សេងទៀតលើសពី៥ ប្រទេសយល់ព្រម។
រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់តាមលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទះកម្ពុជា ថាប្រទេសអាស៊ានចំនួន៥ បានឯកភាពអោយដាក់បញ្ចូលក្រុមបាល់ទះបុរសហ្វីលីពីន ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នេះ រួមមានកម្ពុជា មីយ៉ាន់ម៉ា ថៃ ប្រ៊ុយណេ សិង្ហបុរី និងម៉ាឡេស៊ី។
ដូច្នេះតម្រូវអោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាប់ឆ្នោតក្នុងវិញ្ញាសាបាល់ទះបុរសសាថ្មីឡើងវិញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់សហព័ន្ធ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ។ ជាលទ្ធផលនៃការចាប់ឆ្នោតក្រោមសក្ខីភាពនៃប្រទេសជាសមាជិកអាស៊ាន ឃើញថាពូលA មានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ហើយពូលB សមាសភាពដដែលរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
ដូច្នេះកម្មវិធីប្រកួតវគ្គជម្រុះតាមពូល បាល់ទះបុរសក្នុងសាលនឹងចាប់ដំណើរការពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ តទៅដោយពូល A កម្ពុជា ត្រូវជួបសិង្ហបុរី ថ្ងៃបើកឆាក ហើយហ្វីលីពីន ជួបឥណ្ឌូណេស៊ី ខណៈប្រកួតបើកឆាកពូល B ម៉ាឡេស៊ី ប៉ះ ថៃ និងមីយ៉ាន់ម៉ា ជួបវៀតណាម។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នេះមានប្រទេសចំនួន១១ចូលរួម លើប្រភេទកីឡាចំនួន៣៧ មានវិញ្ញាសា៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ សម្រាប់កីឡាបាល់ទះ មានវិញ្ញាសាបាល់ទះបុរសក្នុងសាល បាល់ទះនារីក្នុងសាល បាល់ទះបុរសឆ្នេរខ្សាច់ និងបាល់ទះនារីឆ្នេរខ្សាច់៕