លោក Komeil Ghasemi អតីតម្ចាស់មេដាយមាសអូឡាំពិក ក្លាយជាគ្រូបង្វឹកក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា
លោក Komeil Ghasemi អតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិកហ្គេម ដែលជាគ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំតាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។
គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជាជាង២សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាលកម្ពុជា។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក២ថ្ងៃ គឺនៅថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០២១នេះ ទើបលោក Komeil Ghasemi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ។
បុរសជនជាតិអ៊ីរ៉ង់វ័យ៣៣ឆ្នាំទទួលបានមេដាយមាសចំបាប់ក្នុងប្រភេទទម្ងន់១២០គីឡូក្រាម កាលឆ្នាំ២០១២ នៅអង់គ្លេស និងមេដាយប្រាក់ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម អូឡាំពិក ២០១៦ នៅប្រេស៊ីល ៕ អត្ថបទ៖ CAMSOC