ឈ្នះមេដាយអូឡាំពិកមួយគ្រឿង តើអត្តពលិកកម្ពុជានឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានពីរាជរដ្ឋាភិបាល?
បើតាមអនុក្រឹត្យពីរាជរដ្ឋាភិបាលស្ដីពីការផ្ដល់ប្រាក់រង្វាន់ដល់ជយលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីលាជាលក្ខណៈអន្តរជាតិ ចុះហត្ថលេខាដោយសម្ដេតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ អត្តពលិកកម្ពុជាដែលចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ឬរដូវរងារ នឹងទទួលបានប្រាក់រង្វាន់១២០លានរៀលសម្រាប់ការឈ្នះមេដាយមាស។ អ្នកឈ្នះមេដាយប្រាក់នឹងទទួលបានប្រាក់រង្វាន់ឧបត្ថម្ភ៨០លានរៀល និងមេដាយសំរឹទ្ធនឹងទទួលបាន៦៤លានរៀល។
សម្រាប់គ្រូបង្គោលរបស់អត្តពលិកដែលទទួលបានមេដាយកម្រិតណានោះ នឹងទទួលបានប្រាក់រង្វាន់ស្មើកីឡាករបស់ខ្លួនដែរ។ សម្រាប់គ្រូជំនួយវិញទទួលបាន៧០ភាគរយនៃប្រាក់រង្វាន់ដែលកូនក្រុមទទួលបាន។
ក្នុងករណីកីឡាជាក្រុម គឺត្រូវយកចំនួនប្រាក់រង្វាន់គុណនឹងចំនួនសមាជិកក្រុម។
គួរដឹងដែរថា ក្នុងដំណើរចេញទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ កម្ពុជាបានបញ្ជូនអត្តពលិក៣រូប លើ២ប្រភេទកីឡាដែលមានហែលទឹក និងអត្តពលកម្ម។
កីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ត្រូវប្រកួតហែលទឹកវិញ្ញាសា៥០ម៉ែត្រសេរី។ ចំណែកកីឡាករ ប៉ែន សុគង់ ប្រកួតវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ដែលត្រូវបានលើកពេលមកកាន់ឆ្នាំ២០២១ នេះ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា។
សម្រាប់ការប្រកួតហែលទឹក៥០ម៉ែត្រសេរី នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា ខណៈរត់ល្បឿន១០០ម់ែត្រចាប់ផ្ដើមនៅថ្ងៃទី៣១ ខែកក្កដា៕