ផ្លូវការ! ខ្សែការពារ Raphael Varane សម្រេចចុះកុងត្រាជាមួយ Manchester United ដល់ឆ្នាំ២០២៦
ខ្សែការពារ Raphael Varane បានសម្រេចការចុះកុងត្រាជាមួយ Manchester United ហើយ ក្រោយកិច្ចព្រមព្រៀងរវាងក្រុមបិសាចក្រហម និង Real Madrid ត្រូវបានឯកភាពកាលពីម្សិលមិញ។
កីឡាករសញ្ជាតិបារាំងបានស្នើរសុំចាកចេញពីទឹកដីអេស្ប៉ាញក្រោយឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ដើម្បីស្វែងរកបទពិសោធន៍ថ្មីនៅក្នុងអាជីព ជាពិសេសគឺការផ្លាស់មកកាន់ទឹកដីអង់គ្លេសតែម្តង។
យ៉ាងណាក្តីតម្លៃនៃការផ្ទេររបស់សមាជិកក្រុមមាន់គកបារាំងខាងលើនេះត្រូវបានបន្ថែមមកថានឹងមានតម្លៃចន្លោះពី៤០ទៅ៥០លានផោន ហើយថ្លៃនឿយហត់របស់នៅទឹកដី Old Trafford គឺប្រមាណ២០ម៉ឺនផោនក្នុងសប្តាហ៍ផងដែរ។
គួរឱ្យដឹងថា Raphael Varane បានផ្លាស់ពី Lens មកកាន់កីឡដ្ឋាន Santiago Bernabeu កាលពីឆ្នាំ២០១១ ដោយអតីតយុវជន Hellemmes រូបបានរួមចំណែកជួយក្រុមលោក Florentino Perez ឈ្នះពានរង្វាន់ជាច្រើនផងដែរ៕