Thierry Henry ឈប់ធ្វើជាអ្នកវិភាគបាល់ទាត់នៅ SkySports ព្រោះចង់ពង្រឹងអាជីពជាគ្រូបង្វឹក
Thierry Henry អតីតខ្សែប្រយុទ្ធក្លឹបកាំភ្លើងធំ Arsenal និងជាវីរបុរសម្នាក់ជួយបារាំងលើកពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៩៨ បានសម្រេចចិត្តចាកចេញពីអាជីពជាអ្នកវិភាគបាល់ទាត់ នៅទូរទស្សន៍ Sky Sports ដោយអះអាងថា លោកចង់ផ្តោតទៅលើអាជីពជាគ្រូបង្វឹកវិញ។ សូមរម្លឹកជូនថា នៅ Sky Sports លោក Henry បានចុះហត្ថលេខាធ្វើការជាអ្នកវិភាគបាល់ទាត់ ឲ្យទូរទស្សន៍នេះ ដោយទទួលបានបៀរវត្ស ក្នុងមួយឆ្នាំ ៤លានដុល្លារ។
អតីតកីឡាករជម្រើសជាតិបារាំងវ័យ ៤០ឆ្នាំ ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹក និងបានជួយបែលហ្ស៊ិក ឲ្យបញ្ចប់ព្រឹត្តិការណ៍ World Cup 2018 ក្នុងចំណាត់ថ្នាក់លេខ៣ បានសរសេរលើបណ្តាញ Twitter របស់លោកថា៖ «៤ឆ្នាំមកនេះ ខ្ញុំពិតជាបានទទួលបទពិសោធន៍ជាច្រើនពីការបង្វឹកក្រុមបាល់ទាត់។ ហើយបទពិសោធន៍ទាំងនេះ នឹងធ្វើឲ្យខ្ញុំអាចសម្រេចមហិច្ឆិតាក្នុងរយៈពេលវែងរបស់ខ្ញុំ ជាអ្នកចាត់ការទូទៅក្នុងក្លឹបបាល់ទាត់។»
Henry បានបន្តថា៖ «ខ្ញុំសូមអរគុណដល់គ្រប់គ្នានៅ Sky ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ។ ខ្ញុំសូមជូនពរពួកគេឲ្យមានអនាគតល្អ។ ខ្ញុំពិតជាមានការចងចាំយ៉ាងអស្ចារ្យនៅទីនេះ។»
នៅពេលនេះ កំពុងតែមានដំណឹងល្ហេចល្ហៀងថា ក្លឹបនៅក្របខណ្ឌ Championship មួយ គឺ Aston Villa កំពុងចង់បានលោក T.Henry ទៅធ្វើជាគ្រូបង្វឹក ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់ការយ៉ាងណានៅឡើយទេ។ (MSR នឹងបន្តជម្រាបជូនថាតើលោក Henry នឹងទៅធ្វើជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់មួយណា)
គួររម្លឹកជូនថា Henry ដែលបានលេងឲ្យក្លឹប Arsenal ចន្លោះឆ្នាំ ១៩៩៩ ដល់ ២០០៧ និងលេងឲ្យក្លឹប Barcelona និង New York Red Bulls មុនចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅឆ្នាំ ២០១២ គឺជាកីឡាករម្នាក់ដែលស៊ុតបញ្ជូលទីបានច្រើនជាងគេស្ទើរតែគ្រប់ពេល តាមរយៈការបង្ហាញខ្លួនបាន ៣៧៧ដងឲ្យក្លឹប និងស៊ុតបញ្ជូលទីបាន ២២៨គ្រាប់៕