
អតីតមិត្តរួមក្រុមម្នាក់នៅ Spurs ចង់ឲ្យ Real សាងរូបសំណាក Bale
អតីតមិត្តរួមក្រុម Andros Townsend គិតថា Gareth Bale សមនឹងទទួលបានការយកចិត្តទុកដាក់នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីរួមចំណែកជួយ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ជាច្រើន។
Andros Townsend ប្រាប់ ITV Sport ថា “៖ខ្ញុំមិនខ្វល់ពីរឿងមិនសមគួររបស់ Bale ទេ។ អ្វីសំខាន់នោះ Bale បានធ្វើសម្រាប់ Real គឺគ្រាប់តទល់ Atletico Madrid, គ្រាប់បាល់បញ្ចូលទីពីរគ្រាប់ក្នុងសំណាញ់ Liverpool។ Bale សមនឹងទទួលរូបសំណាកមួយ។កន្លងមក Bale រងការរំលោភបំពានដោយអ្នកគាំទ្, រប្រព័ន្ធផ្សព្វផ្សាយ និងក្លិប។ Bale បានយល់ព្រមផ្លាស់ទៅចិន ហើយបន្ទាប់មកបានទទួលបានទូរសព្ទដែលហាមមិនឲ្យគេចាកចេញ ព្រោះ Real Madrid នៅតែត្រូវការ។ ផ្ទុយទៅវិញ ក្រោយយល់ព្រម គេនៅតែទទួលបានការរំលោភបំពានដដែល។”
ទោះបានរួមចំណែកឈ្នះពានរង្វាន់ UEFA Champions League ៤ ដង ខ្សែប្រយុទ្ធជនជាតិវែលស៍រូបនេះនៅតែត្រូវប្រឈមនឹងការលំបាកក្រោមការដឹកនាំពីអ្នកចាត់ការ Zinedine Zidane ។ គេមិនសូវពេញចិត្តគ្រូជនជាតិបារាំងនេះទេ។
គួរដឹងដែរថា Gareth Bale បានចាកចេញពី Tottenham Hotspur ទៅ Real Madrid នៅរដូវក្ដៅ២០១៣។ បច្ចុប្បន្នក្រុមមាន់ខ្នាយមាសកំពុងព្យាយាមខ្ចីអតីតយុវជន Southampton រូបនេះទៅអង់គ្លេសវិញ ខណៈ Manchester United ក៏ចង់បានដូចគ្នា។ Real Madrid បានបង្ហាញឆន្ទៈក្នុងការជួយចេញថ្លៃប្រាក់ឈ្នួល៥០ភាគរយ៕