ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់មានគ្រូបង្គោលថ្មី
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ ទាំង៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ មន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកគុយបា បានត្រួតពិនិត្យមើលពីបច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្នុងទីលានហ្វឹកហាត់នៅបរិវេណពហុកីឡដ្ឋានជាតិផងដែរ។ មន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកទាំង៤ រូបជាជនជាតិគុយបា មាន លោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas៕