ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះក្រោយបឹងកេតត្រលប់មកហ្វឹកហាត់វិញ
បន្ទាប់ពីត្រូវបានពន្យាពេលជាង ២ខែកន្លងមក ក្នុងការប្រមូលផ្តុំហ្វឹកហាត់ក៏ដូចជាការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ដោយសារតែប្រទេសកម្ពុជាត្រូវបានរីករាលដាលជំងឺកូវីដ-១៩ ខណៈពេលនេះត្រូវបាន ក្រសួងអប់រំ យុវជននិងកីឡា ចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិទាំងអស់ ដោយអនុញ្ញាតអោយមានការរៀបចំធ្វើសកម្មភាពប្រមូលផ្តុំហ្វឹកហាត់និងធ្វើការប្រកួតលីគឡើងវិញ ជាជំហានៗ។
ក្នុងនោះដែរក្លិបបាល់ទាត់ បឹងកេត បានចាប់ផ្តើមហ្វឹកហាត់មុនគេកាលពីម្សិលមិញ ស្របពេលដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “សម្រាប់ខ្ញុំសប្បាយចិត្តបន្ទាប់ពីបានមកហ្វឹកហាត់ជុំជាមួយគ្នាវិញ និងរីករាយខ្លាំងពេលដឹងថាលីគជិតត្រលប់មកវិញ។ ខ្ញុំពិតជាចង់លេងបាល់ខ្លាំងមែនទែនព្រោះខានលេងយូមកហើយ និងបានលេងជុំគ្នា សប្បាយចិត្តដែលជិតអាចបានបង្ហាញខ្លួនលើទីលានវិញ។ ចំពោះគីឡូក៏ដូចជារាងកាយមិនមានបញ្ហានោះទេ បើទោះបីនៅផ្ទះក៏លោកគ្រូបានដាក់មេរៀន និងលំហាត់ឱ្យធ្វើនៅផ្ទះ អាចនិយាយបានថាស្រកគីឡូជាងមុន។”
គួរបញ្ជាក់ផងដែរថា ការប្រកួតលីគលេងបានត្រឹមតែ ៥ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីត្រូវបានសម្រាកដោយសារជំងឺកូវីដ-១៩ ស្របពេលដែលកីឡាករជំនាញជើងឆ្វេងរូបនេះរកបាន ១គ្រាប់ផងដែរ ហើយសង្ឃឹមថាភាពល្បីល្បាញពីមុននឹងត្រលប់មកដូចដើម ដើម្បីទាក់ចិត្តគ្រូជម្រើសជាតិកម្ពុជាសារជាថ្មីឡើងវិញ៕