Messi ប្រើក្បាច់ពិសេសទាត់១១ម៉ែត្រយកគ្រាប់ទី៧០០ក្នុងអាជីព
Lionel Messi បានទាត់បាល់បញ្ចូលទីគ្រាប់៧០០ក្នុងអាជីព តាមរយៈការប្រើក្បាច់ប៉េណាល់ទីពិសេសមួយ ឬហៅថា Panenka ក្នុងជំនួប Barcelona ស្មើគ្នា២ទល់នឹង២ ជាមួយ Atletico Madrid ក្របខណ្ឌ La Liga នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា។
ក្នុងការប្រកួតនៅ Camp Nou ក្រុមម្ចាស់ផ្ទះបាននាំមុខមុននៅនាទី១១ ពេលបាល់ខ្ទាតប៉ះជើង Diego Costa ចូលទី។
៨នាទីក្រោយមក Saul Niguez ទាត់ពិន័យ១១ម៉ែត្រតាមស្មើឲ្យក្រុមម្ចាស់ផ្ទះ ក្រោយ Yannick Carrasco ត្រូវបានធ្វើឲ្យដួលក្នុងប្រអប់អ្នកចាំទីរបស់ Barcelona។ តាមពិត Niguez ទាត់មិនចូលម្ដងហើយ តែបន្ទាប់ពីពិនិត្យ V.A.R ឃើញ Andre ter Stegen លោតមុនទាត់ ក៏ឲ្យទាត់ម្ដងទៀត។
នៅនាទី៥០ Messi ទាត់១១ម៉ែត្រនាំមុខសាជាថ្មី ដោយប្រើក្បាច់របស់អតីតតារាបាល់ទាត់ឆេកូស្លូវ៉ាគី Antonin Panenka កាលឆ្នាំ១៩៧៦។ ផ្ទុយទៅវិញ១២នាទីក្រោយមក Saul Niguez ទាត់ប៉េណាល់ទីដូចគ្នាតាមស្មើវិញ។
គួរបញ្ជាក់ថា នេះជាគ្រាប់បាល់ទី៦៣០សម្រាប់ Messi ក្នុងចំណោម៧២៤ប្រកួតនៅ FC Barcelona។
ដោយឡែក ក្រុមអ្នកមានបុណ្យបន្តឈរលេខពីរ មាន៧០ពិន្ទុពីការប្រកួត៣៣លើក ក្រោមក្រុមកំពូលតារាង Real Madrid មួយពិន្ទុ៕