CR7 ទាត់ចម្ងាយ២៣ម៉ែត្រយ៉ាងស្អាតចូលទី Genoa
ការទាត់បញ្ចូលទីពីចម្ងាយ២៣ម៉ែត្ររបស់ Cristiano Ronaldo បានរួមចំណែកជួយក្រុមការពារជើងឯក Juventus ឈ្នះម្ចាស់ផ្ទះ Genoa ១-៣ បន្តនាំមុខកំពូលតារាង Serie A ៤ពិន្ទុ ពីការប្រកួត២៩លើក។
ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ពុំមានក្រុមណាបំប៉ោងសំណាញ់បានទេនៅវគ្គទីមួយ។ ចូលវគ្គទីពីរ Paulo Dybala បើកគណនេយ្យសម្រាប់ក្រុមសេះបង្កង់ ដោយការទាត់មួយជើងឆ្វេងនៅនាទី៥០។
៦នាទីក្រោយមក Cristiano Ronaldo រកបានគ្រាប់ទី២៤នៅរដូវកាលនេះ តាមរយៈការទាត់ចម្ងាយ២៥ម៉ែត្រយ៉ាងពេញទំហឹង និងជួយឲ្យក្រុមលោក Sarri នាំមុខពីរគ្រាប់។
Douglas Costa បង្កើនគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទី៧៣ មុន Andrea Pinamonti វាយបកវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។
គ្រាប់បាល់របស់ CR7 កើតឡើងចំថ្ងៃ Lionel Messi រកបានគ្រាប់ទី៧០០ក្នុងអាជីព។ ចំណែក Ronaldo វិញរកបាន៧២៦គ្រាប់ហើយ។
ជាមួយគ្នានេះការទាត់បញ្ចូលទីរបស់ Ronaldo មានន័យថា គេត្រូវការតែមួយគ្រាប់ទៀតប៉ុណ្ណោះដើម្បីក្លាយជាកីឡាករ Juventus ម្នាក់ទៀត ដែលរកបាន២៥គ្រាប់ ចាប់តាំងពីពេលលោក Omar Sivori ធ្វើបាននៅរដូវកាល១៩៦០-៦១។
ដូច្នេះ Juventus មាន៧២ពិន្ទុ ពីលើក្រុមលេខ Lazio ៤ពិន្ទុ៕