គ្រូហុងគ្រីក្ដុកក្ដួលខ្លាំងក្រោយស្មើបារាំង
ស្មើគ្នា១ទល់នឹង១ជាមួយបារាំងក្នុងពូល F នៃព្រឹត្តិការណ៍ UEFA Euro 2020 ត្រូវបានចាត់ទុកជាលទ្ធផលដ៏អស្ចារ្យមួយក្នុងអាជីពជាគ្រូបង្វឹករបស់លោក Marco Rossi។
“សម្រាប់ខ្ញុំ ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេស។ ប៉ុណ្ណឹងសមរម្យហើយ។” នេះជាការលើកឡើងពីលោក Marco Rossi គ្រូបង្គោលក្រុមជម្រើសជាតិហុងគ្រី ក្រោយការប្រកួត។
គ្រូបង្វឹកជនជាតិអ៊ីតាលីបានថ្លែងទាំងអារម្មណ៍ក្ដុកក្ដួលថា “៖វាពិតជាមិនគួរឲ្យជឿ។ យើងសប្បាយចិត្តចំពោះការលេងរបស់យើង។ វាធ្វើឲ្យកីឡាករមានមោទកភាព។ យើងលេងប្រកបដោយតាក់ទិចល្អ។”
ក្រុមជើងឯកពិភពលោក ២០១៨ដែលមាន Kylian Mbappe, Karim Benzema, Antoine Griezmann និង Paul Pogba បានជួបការលំបាក ហើយក៏ត្រូវបានហុងគ្រីនាំមុខមុនក្នុងនាទី៤៥+២នៃវគ្គទី១ ដោយ Attila Fiola ដែលបានបញ្ចប់ទីយ៉ាងល្អ។
ការលេងប្រព័ន្ធ ៣-៥-២ ពិតជាជួយបានពីការដាក់សម្ពាធរបស់បារាំង។ ទោះបីជាបានតាមស្មើដោយ Antoine Griezmann ក្នុងនាទី៦៦ ក្រុមមាន់គកមិនអាចធ្វើអ្វីហុងគ្រីបានទៀតទេ។ គេចាំបានថា ហុងគ្រីបានចាញ់ព័រទុយហ្គាល់៣ទល់នឹង០ ក្នុងថ្ងៃបើកឆាក តែ៣គ្រាប់នោះកើតឡើងចាប់ពីនាទី៨៤ទៅហើយ៕