លោក Mourinho បានឆ្លើយតបទៅកាន់សំដីរបស់ Pogba ដែលបានប្រៀបធៀបរវាងលោកនិង Ole
បន្ទាប់ពី Pogba បានប្រៀបធៀបទំនាក់ទំនងរបស់គេជាមួយលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមនាពេលបច្ចុប្បន្នទៅនឹងជីវិតរបស់គេក្រោមការដឹកនាំដោយលោក Mourinho ហើយបានសម្តែងការមិនសប្បាយចិត្តចំពោះទំនាក់ទំនងរបស់ពួកគេទាំង២ ប្រាប់ទូរទស្សន៍ Sky Sports ថា “ អ្វីៗដែលខ្ញុំមានឥឡូវនេះជាមួយ Ole គឺខុសគ្នាជាមួយលោក Mouinho ព្រោះលោក Ole មិនប្រឆាំងនឹងកីឡាករឡើយ។ Pogba បានបន្ថែមទៀតថា ពេលនៃការមកដល់របស់គ្រូបង្វឹកថ្មី ខ្ញុំប្រហែលនឹងមិនត្រូវបានគេជ្រើសរើសអោយលេងទេ ប៉ុន្តែវាមិនដូចការគិត។ នោះហើយគឺជាភាពខុសគ្នារវាងលោក Mourinho និងលោក Ole ។
ពេលខ្លះអ្នកទាំងអស់គ្នាឃើញថា ហាក់បីដូចជាល្អណាស់រវាងខ្ញុំនិងលោក Mourinho ប៉ុន្តែនៅថ្ងៃស្អែកវាអាចខុសពីនេះ។ នោះជារឿងចម្លែកដែលខ្ញុំមានជាមួយ Mourinho! ហើយខ្ញុំក៏មិនអាចពន្យល់អ្នកទាំងអស់គ្នាបានលើសនេះទេ ព្រោះសូម្បីតែខ្ញុំក៏មិនយល់ពីគាត់ដែរ។
ការអត្ថាធិប្បាយ Pogba ជាមួយអ្នកសារព័ត៌មាន ក៏ត្រូវបានដាក់ទៅសួរលោក Mourinho បន្ទាប់ពីលទ្ធផល ២-២ ជាមួយក្រុម Everton នាពេលយប់មិញ។ ហើយលោកបានឆ្លើយតបដោយត្រង់ៗថា លោកទទួលស្គាល់ថាលោកមិនសូវបានយកចិត្តទុកដាក់ជាមួយ Paul Pogba ដូចទៅនិងគ្រូបង្វឹកថ្មីរបស់គេនាពេលបច្ចុប្បន្ននេះឡើយ ហើយលោកមិនចាប់អារម្មណ៍នឹងអ្វីដែលគេបាននិយាយទេ គឺមិនចាប់អារម្មណ៍អ្វីទាំងអស់៕