ហុង ផេង ជាសះស្បើយ ១០០% វិញហើយ ក្រោយវះកាត់សរសៃជង្គង់ជោគជ័យជាលើកទី២
ខ្សែការពារ ហុង ផេង របស់ក្លឹប បឹងកេត បានធ្វើការវះកាត់របួសរហែកសសៃពួរជង្គង់ជាលើកទីពីរដោយជោគជ័យ និងបានជាសះស្បើយ ១០០% ហើយអាចមកជួយក្រុមក្នុងការត្រៀមប្រកួត ជាមួយ អាសុីអឺរ៉ុប យូណាយធីត លើកីឡដ្ឋាន AEU Sport Park នាថ្ងៃទី១៦ ខាងមុខនេះ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១។
របួសសរសៃពួរជង្គង់របស់អតីតជម្រើសជាតិរូបនេះ មានបញ្ហាដោយសារតែការព្យាយាមយកបាល់ធ្វើអោយរអិលដួល ហើយក៏របួសជង្គង់ខាងឆ្វេង ក្នុងអំឡុងការហ្វឹកហាត់កាលពាក់កណ្ដាលរដូវកាល ២០២០ កន្លងមក ។ ក្លិប បឹងកេត បានបញ្ជាក់នៅថ្ងៃនេះ ខ្សែការពារកណ្ដាល របស់គេរូបនេះអាចចូលហាត់ជាមួយ មិត្តរួមក្លិបបាន១០០ភាគរយហើយ បន្ទាប់ព្យាបាលជិត១ឆ្នាំកន្លងមក ។
ហេតុការបែបនេះធ្លាប់កើតមានលើខ្សែការពាររូបនេះម្តងមកហើយ កាលពីឆ្នាំ២០១៦ ដែលកាលនោះ ក្នុងការប្រកួតជាមួយក្រុម ណាហ្គាវើលដ៍ ធ្វើអោយ ហុង ផេង រងរបួសសសៃពួរជង្គង់ខាងស្តាំ ។
សូមរំលឹកផងដែរថា បឹងកេត ឆ្លងកាត់ការប្រកួត ២លើក កន្លងមកមិនទាន់ស្គាល់ឈ្នះទេ ដោយចាញ់ ភ្នំពេញក្រោន ២ ទល់ ១ និងចាញ់ ណាហ្គាវើលដ៍ ដោយលទ្ធផល ១ ទល់ ០ ដែលជាកំណត់ត្រាអាក្រក់សំរាប់ក្រុមការពារជើងឯក ៕